ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបជាង៩ម៉ឺននាក់ទទួលផលប្រយោជន៍ពីគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងកំឡុងពេលជំងឺកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

 

MC.ប្រជាពលរដ្ឋក្នុងខេត្តសៀម រាបជាង៩ម៉ឺននាក់ទទួលផល ប្រយោជន៍ពីគម្រោងសាច់ប្រាក់ ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករឆ្នាំ២០២០-២០២២ ជនបទក្នុងកំឡុងពេលជំងឺកូវីដ-១៩ តាមរយៈផ្តល់ឱកាសការងារលើកកម្ពស់ជីវភាព និងអាចបង្កើតជាសមិទ្ធផលរចនាសម្ព័នផ្លូវថ្នល់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។

លោកសុខ សុធន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀម រាបនិងជាមន្ត្រីបច្ចេកទេសនៃគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករឆ្នាំ២០២០-២០២២បាន ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា គម្រោងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមក្នុងឆ្នាំ២០២០រហូតដល់ឆ្នាំ២០២២ ដោយអនុវត្តចំនួន ១៧ខេត្តក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។លោកបន្តថា រហូតមកដល់ពេលនេះគម្រោង សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករ បានអនុវត្តចំនួន៣ ជំហានហើយសម្រាប់ខេត្តសៀមរាប ក្នុងនោះអនុវត្តបានចំនួន៣០៦អនុគម្រោង លើផ្លូវថ្នល់ប្រវែងសរុបជាង៣៤០គីឡូម៉ែត្រ ដែលបានអនុវត្តគម្រោងចប់១០០ភាគរយ នៅតាមបណ្តាស្រុកគោលដៅចំនួន១១។ លោកបន្តថា គម្រោង នេះមិនត្រឹមតែជាជំនួយអន្តរាគមន៍សង្គមដែលនឹងជួយបង្កើតការងាររយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនក្រីក្រប្រមាណជាង៩ម៉ឺននាក់ នៅតាមមូលដ្ឋានមានការងារធ្វើ និងសម្រេចបានសមិទ្ធផលផ្លូវថ្នល់ ប្រឡាយទឹក ដើម្បីបម្រើផលប្រយោជន៍រួមក្នុងសង្គមទៀតផង។

សំឡេង៖គម្រោងនេះចង់ឱ្យប្រជាពលរដ្ឋមានការងារធ្វើ ទទួលផលពីគម្រោងផ្ទាល់ គេចង់ឱ្យប្រជាកសិករគាត់លើកផ្លូវហ្នឹង ហើយបានលុយ ដោយនៅក្នុងគម្រោងគេគិតឱ្យមួយម៉ែត្រគុប១២០០០រៀល ការលើកដី និងដាំស្មៅមួយម៉ែត្រការ៉េគាត់ បាន៣០០០រៀល គាត់ចំណេញ ច្រើន ទីមួយក្បែរផ្ទះ ទីពីរអ្នកចំណាកស្រុកមកពីថៃអីអាចចូលរួមធ្វើបាន ហើយថវិកា បានច្រើនគួរសមដែរយើងគិតប្លង់ឱ្យគាត់។អង្គភាពគម្រោងថ្នាក់ខេត្តយើងចែកប្លង់ មួយប្លង់១០ម៉ែត្រ យើងគុណមធ្យមភាគម៉ែត្រគុប ឱ្យគាត់មើល យើងប្រាប់គាត់មុនថាគាត់ត្រូវបាន៤៧ម៉ែត្រគុប ឬបាន៣៤ម៉ែត្រគុបឧទាហរណ៍ ហើយយើងគុណលុយឱ្យគាត់ដឹងថាថវិកាគាត់លើកហើយទាំងដាំស្មៅគាត់បានពី៥០ម៉ឺនទៅ៦០ម៉ឺនរៀល អ៊ីចឹងក្នុងមួយគ្រួសារបើគាត់ខំប្រឹងមួយខែជាងហ្នឹងគាត់អាចបានពី៣លានទៅ៦លានរៀល។

លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឱ្យដឹងទៀតថា ចំពោះគម្រោងលើកផ្លូវដីសនេះនឹងនៅតែមានជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២១នេះសម្រាប់ខេត្តសៀមរាប ដោយក្រុមការងារកំពុងធ្វើផែនការបញ្ជូនទៅថា្នក់ជាតិ រង់ចាំការពិនិត្យសម្រេច ក្នុងនោះ តាមគម្រោង នឹងកែប្រែផ្លូវដីសទាំងនោះ ឱ្យទៅជាផ្លូវក្រាលគ្រួសក្រហមសម្រាប់បម្រើឱ្យការងារប្រើប្រាស់នៅក្នុងមូលដ្ឋាន។ជាការកត់សម្គាល់ វិធានការទម្លាក់ថវិកាបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាកង្វះខាតការងារធ្វើ ប្រជាពលរដ្ឋក្រីក្រ ជាពិសេសកម្មករក្នុងវិស័យកាត់ដេរ និងប្រជាពលរដ្ឋទើបត្រឡប់មកពីក្រៅប្រទេសជាដើម។

គួរជម្រាបផងដែរថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣របស់ក្រសួងអភិវឌ្ឍជនបទ បាននឹងកំពុងធ្វើការកែលម្អផ្លូវជនបទ ពីផ្លូវដីសទៅជាផ្លូវក្រាលក្រួសក្រហម ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនកសិកផល និងទំនិញជូនប្រជាជននៅតំបន់ជនបទ៕IMG_20210301_101927_375IMG_20210301_101910_486IMG_20210301_101907_140

Comments

Related posts