អាជ្ញាធរស្រុកមោងឫស្សីណែនាំពលករចំនួន៩នាក់ដែលគេចវេះតាមច្រករបៀងខេត្តប៉ៃលិនឱ្យមកធ្វើចត្តាឡីស័ក

 

វិទ្យុជាតិកម្ពុជា៖ភី សុខ វិទ្យុជាតិកម្ពុជា

លោកទេព ហន អភិបាលស្រុកមោងឫស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា អាជ្ញាធរនិងមន្រ្តីជំនាញ បាននាំពលករ៩នាក់ក្នុងនោះស្រ្តី៦នាក់ មកដាក់មណ្ឌលចត្តាឡីស័កនៅពេទ្យបង្អែកស្រុកមោងឫស្សី កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ បន្ទាប់ពីពួកគេបាន ឆ្លងដែនតាមច្រករបៀងជាប់ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន គេចវេះមិនចូលធ្វើចត្តាឡីស័កនៅទីនោះ។ 

លោក អភិបាលស្រុកបញ្ជាក់ថាពួកគេទាំង៩នាក់ជាអ្នកភូមិជាមួយគ្នារស់នៅក្នុងភូមិអង្រ្កង ឃុំ ជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយ៧នាក់មកឆ្លងដែនតាមច្រករបៀងជាប់ច្រក អន្តរជាតិព្រំ ជិះឡានតាក់ស៊ី មកដល់ផ្ទះក្នុងភូមិឃុំខាងលើ តាំងពីថ្ងៃទី២៣ខែកុម្ភៈ ។ 
ដោយឡែកពីរនាក់ទៀតបានជិះម៉ូតូឌុបពីទីនោះមក មកឈប់មុខ ពេទ្របង្អែកមោងឬស្សី នាថ្ងៃទី២៨ខែកុម្ភៈ ។ដោយមានការ សង្ស័យ សមត្ថកិច្ចក៏សួរនាំ ទើបដឹងថាគាត់ឆ្លងដែន ពីព្រំដែនខេត្តប៉ៃលិនមក គេចវេះមិនចូលធ្វើចត្តាឡីស័ក ទើបនាំគាត់ភ្លាមៗមកដាក់មណ្ឌល ចត្តាឡីស័កតែម្តង ដោយមិនទាន់បានដល់ផ្ទះទេ។
លោកទេព ហន បានបញ្ជាក់ថា តាមការសាកសួរព័ត៌មានពលករទាំង៩នាក់នេះ ឆ្លើយថា គាត់មិនមានមេខ្សល់ណានាំនោះទេ ដោយសារគាត់ធ្វើការចេញចូលតាមច្រករបៀងក្បែរ ច្រកអន្តរជាតិព្រំខេត្តប៉ៃលិននោះយូរ ហើយ ស្គាល់ផ្លូវច្បាស់ ទើបអាចគេចវេះពីភ្នែកសមត្ថកិច្ចដែលឈរ ជើងនៅតំបន់ព្រំដែន នោះបាន នឹងរហូតអាចជិះឡានតាក់ ស៊ីនិងម៉ូតូឌុប មកដល់ស្រុកមោងឫស្សីខេត្តបាត់ដំបង។
លោកអភិបាលស្រុក បានបញ្ជាក់ថាបច្ចុប្បន្ននេះពួកគាត់ទាំង៩នាក់ត្រូវនាំដាក់មណ្ឌលធ្វើចត្តាឡីស័កហើយ ដោយឡែកគ្រួសាររបស់គេនៅក្នុងភូមិ ត្រូវណែនាំមិនឲ្យចេញទៅណាឬប៉ះពាល់ជាមួយអ្នកផ្សេងទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរង់ចាំលទ្ធផលធ្វើតេស្ត ពលករទាំងនេះថា តើវិជ្ជមានឬអវិជ្ជមានកូវីដ-១៩សិន ។

តាមរបាយការណ៍របស់អាជ្ញាធរស្រុកមោងឫស្សី បានឲ្យដឹងថាចាប់ពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ មកទល់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ មានពលករដែលលួចឆ្លងដែន ដោយមិនបានធ្វើ ចត្តាឡីស័ក ពីតំបន់ព្រំដែនមកដល់ស្រុកមោងឫស្សី មានចំនួន ៩២នាក់ ដែលភាគច្រើនឆ្លងដែន តាមច្រកព្រំដែនខេត្តប៉ៃលិន ហើយគេចវេះមិនព្រមធ្វើចត្តាឡីស័កនៅទីនោះ។
លោកបន្ថែមថាក៏មានជនជាតិចិន២នាក់ដែលមករៀបការ នៅស្រុកមោងឫស្សីផងដែរ ហើយពួកគេទាំង៩៤ នាក់នេះត្រូវនាំមកធ្វើចត្តាឡីស័កទាំងអស់នៅមណ្ឌលចត្តាឡីស័កស្រុកមោងឫស្សី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់បញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរ កងកម្លាំងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលឈជើងនៅតំបន់ព្រំដែន ត្រូវរឹតបន្តឹង ដោយនាំពលករទាំងអស់ដែលឆ្លងដែន ពីប្រទេសថៃត្រូវ ឃាត់ឬនាំមកធ្វើចត្តាឡីស័កនៅទីនោះ មិនត្រូវឲ្យមានធ្លាយចូលសហគមន៍ដោយ មិនទាន់ធ្វើចត្តាឡីស័កនោះទេ៕photo_2021-03-01_11-40-35photo_2021-03-01_11-40-24photo_2021-03-01_11-40-43

Comments

Related posts