អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ ឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវ ១ខ្សែឡើងទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្តល់សេវាឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន។
លោកជំទាវ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បានណែនាំឱ្យយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងកែលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមាន រចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។ក្នុង
ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាក សំណល់សំរាមឲ្យបានល្អ និង នាំយកទៅទុកដាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ចៀសវាងការ បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា៖ រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់ ៩ជាន់,មានចម្ងាយពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងធ្វើការស្ថាបនាផ្លូវប្រវែង ៣គីឡូម៉ែត្រ និងចាក់បេតុង ប្រវែង ១០០ម៉ែត្របន្ថែម ទៀត ឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ៕photo_2021-03-01_11-54-54photo_2021-03-01_11-55-02photo_2021-03-01_11-55-02photo_2021-03-01_11-55-31

Comments

Related posts