ក្រសួងព័ត៌មានចាប់ផ្តើមជ្រើសរើសធីតាឯកសង្រ្កាន្តឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

ក្រសួងព័ត៌មាន ចាប់ផ្តើមជ្រើសរើសធីតាឯកសង្រ្កាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ជាឆ្នាំទី២ ដើម្បី ត្រៀមថតផ្សព្វផ្សាយជាសាធារណៈតាមរយៈទូរទស្សន៍ជាតិកម្ពុជានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមីនានេះ បានអញ្ជើញទៅពិនិត្យមើលដំណើរការហ្វឹកហាត់ សម្រាប់ត្រៀមធ្វើការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្តរដូវកាលទី២នៅកម្ពុជា ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សហការជាមួយ ក្រុមហ៊ុន FUN Entertainment ។  

ក្នុងឱកាសអញ្ជើញចុះពិនិត្យផ្ទាល់នៅកន្លែងហ្វឹកហាត់ ដើម្បីប្រកួតជ្រើសរើស ធីតាឯកសង្រ្កាន្ត រដូវកាលទី២នេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនថវិកាចំនួន ២ លានរៀល ជាការលើកទឹកចិត្តដល់គណ:កម្មការរៀបចំការប្រកួតឱ្យបានកាន់តែល្អ ជាងឆ្នាំកន្លងទៅ។

កម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី២នេះ ធ្វើនៅបន្ទប់ថតទូរទស្សន៍ជាតិកម្ពុជា ។ គួរកត់សម្គាល់ថា នៅមុនដំបូង មានបេក្ខនារីដាក់ពាក្យចូលរួមប្រកួតប្រមាណ ជាង៥០០នាក់ តែត្រូវបានគណៈ កម្មការរៀបចំការប្រកួតធ្វើការជម្រុះនៅសល់បេក្ខភាពតែ ១៤ រូប សម្រាប់ឱកាសពេលនេះ។ 

ជាបន្តបន្ទាប់ទៀតគឺ ការធ្វើការហាត់រៀនពង្រឹងសមត្ថភាព ដើម្បីត្រៀមធ្វើការប្រកួតចុងក្រោយ នៅថ្ងៃទី៥ ខែមីនា ខាងមុខនេះ យកតែបេក្ខភាព៧ រូបប៉ុណ្ណោះ ហើយអ្នក ដែលជាប់ ចំណាត់ថ្នាក់លេខ ១ នឹងក្លាយជាតួអង្គទេវតា ឆ្នាំថ្មី២០២១ ព្រមជាមួយការទទួលបាន ប្រាក់រង្វាន់ចំនួន១២ លានរៀល ចំណាត់ថ្នាក់លេខពីរ ចំនួន ៨លានរៀល និងលេខ៣ ចំនួន ៦លានរៀល ។ 

ចំពោះបេក្ខភាពដែលនឹងត្រូវជ្រើសជាប់ចំណាត់ថ្នាក់ ត្រូវមានរូបសម្រស់ ស្រស់ស្អាត មានចំណេះដឹង និងទេពកោសល្យល្អ មានអាយុ ចាប់ពី១៨ឆ្នាំ ដល់២៥ ឆ្នាំ កម្ពស់ ១ម៉ែត្រ ៦៣ឡើងទៅ។

សូមបញ្ជាក់ថា សង្ក្រាន្ដឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ នឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤ : ០០នាទីទៀបភ្លឺនៃថ្ងៃទី១៤ ដែលត្រូវនឹងវេនទេពធីតាមួយអង្គ ព្រះនាមមណ្ឌលទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន សៀតផ្កា ចម្ប៉ា អាភរណៈ កែវពិទូរ្យ (ពេជ្យភ្នែកឆ្មា) ភក្សាហារ សប្បិ ព្រះហស្ដស្ដាំទ្រង់ ម្ងុល ព្រះហស្ដធ្វេងទ្រង់ ឈើច្រត់ គង់លើខ្នង គទ្រភ (សត្វលា) ជាពាហនៈ៕IMG_20210301_182958_405IMG_20210301_182949_796IMG_20210301_182946_979

Comments

Related posts