សម្តេចតេជោ ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ‍‍«យុវជនដើម្បីវប្បធម៌ជាតិ»

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីជំរុញឱ្យយុវជនកាន់តែ មានចិត្តស្រលាញ់ហើយរួមគ្នាការពារ សម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។

យោងតាមសារលិខិតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចផ្ទាល់ សម្ដេចមានសេចក្តីសោមន្សរីករាយ សូមផ្ញើសារជូនដល់បងប្អូន ជនរួមជាតិទាំងអស់ ជាពិសេស សិល្បករ សិល្បការិនី សិប្បករ និងអ្នកជំនាញនានានៅក្នុងវិស័យសិល្បៈ ព្រមទាំងក្មួយៗជា យុវជន ចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាលើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ។

សម្តេចតេជោបន្តថា ទិវាវប្បធម៌នេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣មីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែសម្តេចក៏សូមការអធ្យាស្រ័យ ដោយសារឆ្នាំ២០២១នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានា ទូទាំងសកលលោក។

សម្តេចតេជោបន្តទៀតថា ឆ្នាំនេះ គឺជាឆ្នាំទី៤ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករ សិល្បការិនី សិប្បករ និងអ្នកមានអាជីពក្នុងវិស័យវប្បធម៌ប្រមាណ៤០០០នាក់ ដែលជាការជួបជុំដ៏ធំប្រចាំឆ្នាំ ក្នុងគោលបំណងរម្លឹកនូវ គុណូបការៈនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវស្នាដៃអច្ឆរិយៈដ៏ធំមហិមាសម្រាប់ប្រជាជាតិខ្មែរ ក៏ដូចជាមនុស្សជាតិនានា លើសកលលោក និងដើម្បីពង្រឹងនូវសាមគ្គីភាព ភាតរភាព ការស្គាល់និងជួយគ្នាទៅវិញទៅមក រវាងអ្នកមានអាជីពគ្រប់ៗគ្នា ក្នុងវិស័យសិល្បៈ ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ដែលជាផ្លែផ្កានៃនយោបាយ ឈ្នះ ឈ្នះ ជាង២០ឆ្នាំកន្លងមក ៕

Comments

Related posts