រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យសិក្សា

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៣ ២០២១

  គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែមីនានេះ បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។

   សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញនិងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឱ្យមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

   សេចក្តីព្រាងច្បាប់នេះ បង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រង ស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

   សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងបន្តថា ចំណែកសេចក្តីព្រាងច្បាប់ដទៃទៀត ដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តទទួលយកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាដែរនោះមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុលពីរាជធានី ភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការ ទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង៕IMG_20210302_111758_995IMG_20210302_111755_305

Comments

Related posts