វិទ្យុជាតិកម្ពជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា ស្ថិតក្នុងបរិយាកាសសុខសន្តិភាព ពេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នាជាមន្ត្រីសុខាភិបាល មន្ត្រីនគរបាល និងថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយឥតគិតថ្លៃ ជំហានដំបូងនាពេលនេះសម្រាប់ខេត្តព្រះវិហាររបស់យើង ។
ឯកឧត្តមបានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្ត្រីសុខាភិបាល និងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តជាច្រើនរូបទៀត។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងជូនចំពោះប្រទេសជាមិត្តនានា ដូចជា ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជាមិត្តផ្សេងៗទៀត និងសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយ ផ្ដល់នូវ វ៉ាក់សាំងកូវីដ និងថវិកាឧបត្ថម្ភទិញវ៉ាក់សាំង ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ឯកឧត្តមបានបន្តថាដោយសារវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះ មានចំនួនកំណត់ ទើបយើងសម្រេចចាក់ជូន មន្ត្រីសុខាភិបាល មន្ត្រីនគរបាល កងទ័ព និងថ្នាក់ដឹកនាំសំខាន់ៗ ជាមុនៗនឹងផ្ដល់ជូនមន្ត្រីរាជការទូទៅ និងប្រជាពលរដ្ឋ ទាំងអស់ តាមជំហានៗនាពេលក្រោយ ។
ឯកឧត្តមបានផ្ដាំផ្ញើ ដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយនេះ ត្រូវថែរក្សាសុខភាព តាមការណែនាំរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកចាក់វ៉ាក់សាំងលើកទី២វិញ ឱ្យបានទាន់ពេលវេលាកំណត់ ។ និងត្រូវចងចាំថា វ៉ាក់សាំង គឺមិនមានប្រសិទ្ធភាព ១០០% នោះទេ តែវាអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដ ឱ្យនៅតិចបំផុត ហេតុដូច្នេះ ចូរយើងរក្សាការប្រុងប្រយ័ត្ន និងត្រូវ តែអនុវត្តគោលការណ៍ ៣កុំ ៣ការពារ ដដែល ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល កម្លាំងទាំងបី អាជ្ញាធរភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុងខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ដោយបានព្យាបាលអ្នកជំងឺកូវីដ ០២នាក់ បានជាសះស្បើយ និងបានអប់រំណែនាំ ការពារអ្នកធ្វើចត្តាឡីស័ករាប់ពាន់នាក់ផងដែរ ។ គិតត្រឹមថ្ងៃទី០១ ខែមីនា សម្រាប់ខេត្តព្រះវិហារយើង មានអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន ២៧នាក់ ៕
Comments