រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងអំណរព្រះគុណសម្តេចម៉ែ ដែលបានប្រោសព្រះរាជទាននូវឯកសារដ៏មានសារសំខាន់ចំនួនពីរ ដល់ក្រសួងព័ត៌មាន

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងអំណរព្រះគុណដល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលបានប្រោសព្រះរាជទាននូវឯកសារដ៏មានសារសំខាន់ចំនួនពីរ ស្តីពី ស្បែកធំ (អន្លើចម្បាំងឥន្ទ្រជិត) និងគ្រឿងឥស្សរិយយស ដល់ក្រសួងព័ត៌មាន ។

យោងតាមលិខិតសម្ដែងនូវអំណរព្រះគុណរបស់ក្រសួងព័ត៌មានថ្វាយសម្ដេចម៉ែ ដែលចេញផ្សាយនៅថ្ងៃទី១ខែមិនានោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន ឯកឧត្តមសូម សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេចម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គបានសព្វព្រះរាជ ហឬទ័យប្រោសព្រះរាជទាននូវឯកសារដ៏មានសារសំខាន់ចំនួនពីរ ជូនដល់ក្រសួងព័ត៌មាន ស្តីពី ស្បែកធំ (អន្លើចម្បាំងឥន្ទ្រជិត) និងគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម "មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន” ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ព្រះរាជសម្បត្តិដ៏ថ្លៃថ្លាទាំងពីរមុខនេះ នឹងផ្តល់ជាប្រយោជន៍ក្នុងការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅនូវទម្រង់សិល្បៈបុរាណខ្មែរ ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាសម្បត្តិ បេតិកភណ្ឌមនុស្សជាតិពិភពលោក។ ដោយឡែកគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំង ពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រជាជាតិទាំងពីរ កម្ពុជា-ចិនក្រោមមគ្គុទ្ទេសក៍ប្រកបដោយព្រះបញ្ញាញាណរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។

ឯកឧត្តមបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មានទំាងអស់ សូមលើកហត្ថប្រណម្យបួងសួង ដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាទាំងមួយម៉ឺនលោកធាតុ ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះបរមរតនកោដ្ឋ សូមជួយបោះព្រំតាមបីបាច់ថែរក្សា សម្តេចម៉ែ និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងសូមបានជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។

គួរជម្រាបថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល កន្លងមក បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធ្លាក់ចម្លងស្បែកធំមួយឈុតថ្មី ចំនួន៩០ផ្ទាំងក្នុងរឿងរាមកេរ្តិ៍ ព្រមទាំងរៀបចំចងក្រងជាអត្ថបទ និងវីដេអូឯកសារសម្រាប់ការសិក្សាស្រាវជ្រាវ របស់កូនចៅ ជំនាន់ក្រោយ។ ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានេះគឺជាការយកព្រះរាជហឬទ័យទុកដាក់ខ្ពស់ចំពោះការអភិរក្សសម្បត្តិវប្បធម៌ជាតិ ជាពិសេសសម្រាប់ល្ខោនស្រមោលស្បែកធំ ដែលជាអត្តសញ្ញាណជាតិនិងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៕

Comments

Related posts