ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង៣៦ភាគរយហើយ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖ ក្រសួងសាធារណការនិង ដឹកជញ្ជូនបានអះអាងថា ដំណើរការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុកំពុងប្រព្រឹត្តទៅដោយរលូន ដែលអាចនឹងចប់រួចរាល់ ជាស្ថាពរនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ តាមផែនការដែលបានកំណត់។

ឯកឧត្តម វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះការដ្ឋានសាងសង់ផ្លូវល្បឿនលឿន សម្រេចបាន ៣៦,៣៨ភាគរយហើយ បើទោះបីបញ្ហានៃការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ូន្តែ មិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា នេះទេ ដោយក្រុមជំនាញបាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់រួចរាល់តាមផែនការ ។ ឯកឧត្តមបាន បញ្ជាក់ថា ក្រសួងកំពុងតែបន្តសហការជាមួយក្រុមហ៊ុន ដោយបន្តធ្វើការដោះស្រាយផលប៉ះពាល់ ដោយសារតែមាន ការផ្លាស់ប្តូររចនាប្លង់ខ្លះ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុន ខាងរដ្ឋបាលជាតិ ក៏ដូចជាក្រសួងជាដើម ដើម្បីធ្វើយ៉ាងឱ្យផ្លូវ មានសុវត្ថិភាព គុណភាពប្រើប្រាស់បានយូរអង្វែង ។ 

សំឡេង«តាមរយៈការតាមដានជារៀងរាល់ថ្ងៃផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុសម្រេចបាន ៣៦.៣៨ភាគរយ ហើយ ដែលជិតឈានចូលដល់៤០ភាគរយគឺបានច្រើនហើយ ហើយយើងនៅតែដាក់ការរំពឹងទុកថា នឹងចប់តាមផែនការ គឺនៅឆ្នាំ២០២២ អាចថា ពាក់កណ្តាលឬឆមាសទី១នៃឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យទាន់ ព្រឹត្តការណ៍នៃកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ » ។

គួរជម្រាបថា ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដីរាជធានីភ្នំពេញប្រវែងជាង ៨គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែងជាង៩គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងជាង៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងជិត២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងជិត៩០ គីឡូម៉ែត្រ៕IMG_20210303_130421_587IMG_20210303_130419_179

Comments

Related posts