ក្រសួងអប់រំ ប្រកាសបន្តផ្អាកដំណើរការសិក្សាបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 
ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបន្តផ្អាកដំណើរការសាលារដ្ឋ និងឯកជននៅភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវនៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍២០កុម្ភៈ។
    យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ បានសម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្រសួងអប់រំ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាទាំងអស់ដែលត្រូវបានផ្អាកនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ។

photo_2021-03-04_11-08-53
ក្រសួងបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ៕

Comments

Related posts