វិទ្យុជាតិកម្ពុជា៖លោកគឹមហឿន
ស្ទឹងត្រែង ៖ មន្ត្រីជំនាញបង្ក្រាបការ ក្លែងបន្លំចំណីអាហារ នៅខេត្តស្ទឹងត្រែងបានធ្វើពិសោធន៏ទៅលើពពុះសណ្តែកបង្ហាញ ប្រជាពលរដ្ឋ ពីផលប៉ះពាល់ផ្នែកសុខភាពដើម្បីឱ្យបងប្អូនលើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងឱកាសដែលបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់។
ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនៅផ្សារគីឡូ២និងនៅតាមផ្ទះលក់ដូរទំនិញក្នុងក្រុងស្ទឹងត្រែង ថ្ងៃទី០៤ មីនានេះ លោកពៅ ណារិទ្ធ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា(ក.ប.ប) ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ទំនិញពពុះសណ្តែកមួយមុខនេះ មន្ត្រីការពារអ្នកប្រើប្រាស់តែងបានធ្វើពិសោធន៍ និងដកហូត យកទៅបំផ្លាញចោលជាញឹកញាប់រួចមកហើយ។
លោកបន្តថា៖ពពុះសណ្តែកដែលពិនិត្យឃើញមានសារធាតុគីមីហៅថា បូរ៉ាក់ ហួសកម្រិតនេះ បានដកហូតយកទៅបំផ្លាញ ចោល ដូចនេះសូមបងប្អូនអតិថិជន មុនទិញត្រូវស្គាល់ប្រភពនិងទីតាំងផលិតឱ្យបានច្បាស់លាស់ កុំទិញទំនិញប្រភេទបែបនេះ យកទៅធ្វើម្ហូបអាហារឲ្យសោះ ព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
លោកពៅ ណារិទ្ធ ក៏សូមដាស់តឿនឲ្យបងប្អូនអាជីវករទាំងអស់ ត្រូវចេះត្រួតពិនិត្យមើលទំនិញនាំចូលឲ្យបានច្បាស់លាស់ ហើយកុំស្តាយចំពោះចំណីអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ ឈប់យកមកលួចដាក់លក់ឲ្យប្រជាពលរដ្ឋ ដែលមិនបានដឹងនោះទៀត។
លោកស្រីអន ចិន្តា អ្នកលក់ទំនិញនៅផ្សារគីឡូ២ បានទទួលយកការណែនាំនេះ នឹងរួមគ្នាអនុវត្តតាមមន្ត្រីជំនាញ និងបន្តព្យាយាមមើលគ្រប់ទំនិញ ទាំងគុណភាពស្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ ដើម្បីកុំឲ្យ ពេលសមត្ថកិច្ចមកពិនិត្យ មានកំហុសដកហូតយកទៅបំផ្លាញចោលនាំឲ្យខាតបង់ថវិការបស់ខ្លួន។
លោកស្រីសន្យាថា នឹងយកចំណេះដឹងនេះទៅពន្យល់ណែនាំ ដល់បងប្អុនប្រជាពលរដ្ឋយើងបន្ថែម ឲ្យដឹងពីបញ្ហា ផលប៉ះពាល់សុខភាពចំពោះពពុះសណ្តែកនេះ ព្រោះតាមការពិនិត្យជាក់ស្តែងឃើញមានសារធាតុ គីមីហៅថា(ប៊ូរ៉ាក់) ហួសកម្រិតពិតមែន។
លោក សាយ វ៉ន ប្រជាពលរដ្ឋនៅភូមិរាជានុកូលបានអះអាងថា៖កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមកពីទីជនបទ ពេលមកទិញចំណីអាហារមិនបានមើលស្លាកសញ្ញាត្រឹមត្រូវទេ ភាគច្រើនតាមតែបងប្អូនអាជីវករយកមកលក់ឲ្យតែប៉ុណ្ណោះ ហើយចំណីអាហារខ្លះខូចគុណភាព បរិភោគទៅបណ្តាលឲ្យឈឺពោះ រាគរូស ក្តៅខ្លួន ឬរលាកបំពង់.ក.ក៏មានដែរ ។
សូមបញ្ជាក់ថា៖ ក្នុងសកម្មភាពចុះពិនិត្យទំនិញនេះ មន្ត្រីជំនាញបានដកហូតយកពពុះសណ្តែក បាន៥កញ្ចប់ ស្មើនឹងជាង៥គីឡូក្រាមនិងដកហូតចំណីអាហារខូចគុណភាពផ្សេងៗមួយចំនួនទៀត យកទៅរក្សាទុកដើម្បីធ្វើការ បំផ្លាញចោលនៅពេលក្រោយ៕
Comments