ក្រសួងការបរទេសបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖  ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែ មីនាឆ្នាំ ២០២១នេះ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ បានឲ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀត ឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំដោយឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងមានការអញ្ជើញចូលរួមពីឧត្តមមន្រ្តីទទួលបន្ទុក កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តាប្រទេសនិងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ ។

IMG_20210304_203543_468

ក្នុងឱកាសដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅ ស្របពេលនឹងការប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃ ០១ មីនា ឯក ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថាតាមរយៈវីដេអូថតទុក ដើម្បី ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ឧត្តមមន្រ្តី ASEM ទំាងអស់ និងអបអរសាទរខួបលើកទី២៥ នៃការបង្កើតវេទិកា អន្តរតំបន់មួយនេះ។ 

ថ្លែងក្នុងសុន្ទរកថានេះ ឯកឧត្តម បានបញ្ជាក់ជាថ្មីពីភាពជឿជាក់ថា ASEM គឺជាគ្រឹះមួយក្នុងចំណោម គ្រឹះនានានៃអភិបាលកិច្ច សកលហើយពហុភាគីនិយម ដែលASEM តែងតែផ្តល់សារសំខាន់ គឺនៅតែបន្តជាធាតុមិនអាចខ្វះបានក្នុងការចូលរួម ដោះស្រាយ បញ្ហាប្រឈមសកលផ្សេងៗ ដូចជាជំងឺរាតត្បាតកូវីដ -១៩ ជាដើម ។ ក្នុងស្ថានភាពនៃវិបត្តិដែលពុំធ្លាប់កើតមាន នេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានដាក់ចេញ “ ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម” នៅតែមានភាពពាក់ព័ន្ធ និងកាន់តែមានសារសំខាន់ថែមទៀត ។ តាងនាមឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការរង់ចាំទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូល ASEMទាំងអស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញនាឆ្នាំនេះ។

កិច្ចប្រជុំបានគាំទ្រជាឯកច្ឆន្ទដល់កម្ពុជា ដែលលើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ទៅចុងឆ្នាំ ២០២១វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ។លើសពីនេះការលើកពេលនេះ គឺមិន គ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំង ធានាឲ្យបានថា អន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរទស្សនៈដោយត្រង់ ទៅត្រង់មកនិងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំងឡាយណា ដែលប៉ះពាល់ប្រយោជន៍រួមថែមទៀតផង ។ មានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ ។

កិច្ចប្រជុំបានគាំទ្រទាំងស្រុងលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ស្នើឱ្យមានការរៀបចំវេទិកាអាស៊ី-អឺរ៉ុបស្ដីពីស្ត្រីសន្តិភាពនិងសន្តិសុខ (Asia-Europe Forum on Women, Peace, and Security) ឱ្យបានជាប្រចាំ និងក្លាយជាព្រឹត្តិការណ៍អមមួយក្នុងចំណោម ព្រឹត្តិការណ៍អមនានា នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រសិទ្ធភាពនៃតួនាទីដ៏សំខាន់ របស់ស្រ្តីក្នុងការអភិវឌ្ឍ ក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ និងការថែរក្សាសន្តិភាពជាដើម ។ ជាមួយគ្នា នេះ អង្គប្រជុំបានទទួលស្គាល់ពីតួនាទីរបស់មូលនិធិអាស៊ី-អឺរ៉ុប(ASEF) ដែលសហការជាមួយកម្ពុជា រៀបចំព្រឹត្តិការណ៍អម និង លើកកម្ពស់ភាពពាក់ព័ន្ធនិងការយល់ដឹងពី ASEM ផងដែរ ។

IMG_20210304_203552_474

កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិត និង ឯកភាពលើទម្រង់នៃឯកសារលទ្ធផលរបស់កិច្ចប្រជុំកំពូលចំនួនពីរ៖សេចក្ដីថ្លែងការណ៍ ប្រធានអង្គប្រជុំនៃកិច្ចកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ-១៩។ កិច្ចប្រជុំក៏បានពិភាក្សា លើសំណើស្ដីពីការតភ្ជាប់របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប(Proposal on ASEM Connectivity) ដោយសង្ឃឹមថា ឯកសារនេះនឹងក្លាយជាឯកសារសមិទ្ធផលដ៏សំខាន់មួយដែលនឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣។

ជាចុងបញ្ចប់ ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប បានសម្ដែងការសាទរ និង អំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបន្តប្ដេជ្ញារៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយសុវត្ថិភាពនិងជោគជ័យ ក្នុងទម្រង់ជារូបវ័ន្តក៏ដូចជាបន្តរក្សាវឌ្ឍនភាពនៃ ដំណើរការ ASEM ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការកើតមានជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាត ជុំវិញពិភពលោក យ៉ាងណា ក៏ដោយ៕

Comments

Related posts