ក្រសួងការងារជូនដំណឹងអំពីការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៥១ 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖  ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៥១ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កម្មករនិយោជិតចំនួន ៣ ៣២២ នាក់ នៃរោងចក្រ សហគ្រាស ទាំង៤១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។

photo_2021-03-05_08-24-16
ប្រភពដដែល បញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ៧៥០រៀល ស្មើ១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ។ចំនួន ១២១ ៥០០រៀល ស្មើ៣០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ។ចំនួន ១៦២ ០០០រៀល ស្មើ៤០ដុល្លារអាមេរិក សម្រាប់ការព្យរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ៣០ថ្ងៃ ។ ចំនួន២៨៣ ៥០០រៀល ស្មើ៧០ដុល្លារអាមេរិក សម្រាប់ការព្យរកិច្ចសន្យាការងាររយៈពេលចាប់ពី ៣១ថ្ងៃ ដល់ ៤៩ថ្ងៃ ។ ចំនួន៣២៤ ០០០រៀល ស្មើ៨០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ៥០ថ្ងៃ ដល់ ៦០ថ្ងៃ ។
ក្រសួងសូមរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

photo_2021-03-05_08-24-17
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៤១ នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន ៕

Comments

Related posts