វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ០៧ មេសា ២០២១
MC ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃ ទី៧ខែមេសានេះ បានអញ្ជើញពិនិត្យមើលដំណើរ ការ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួង ព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេសប្រមាណ៥ពាន់នាក់ ដែលថ្ងៃនេះបានឈានមកដល់ថ្ងៃទី៧ហើយៗក្រុមគ្រូពេទ្យនៃក្រសួងសុខាភិ បាល បានធ្វើការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំង ៥ចំណុះឱ្យក្រសួងព័ត៌មាន និងបណ្តា អង្គភាពសារព័ត៌មានមួយចំនួន ស្របតាមកម្មវិធីដែលក្រុមការងារអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន បានរៀបចំទុក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដំណេីរការចាក់វ៉ាក់សាំងនៅក្នុងក្រសួងព័ត៌មាន បានចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះគឺ ធ្វើឡើងសម្រាប់បុគ្គលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ។
ឯកឧត្តម បានមានប្រសាសន៍ថា ចំពោះលទ្ធផលការងារនៃដំណេីរការចាក់វ៉ាក់សាំងក្របខណ្ឌក្រសួងព័ត៌មាន នៅថ្ងៃទី៧នេះ អ្នកដែលស្ម័គ្រចិត្តមកទទួលវ៉ាក់សាំង កូវីដ-១៩ នេះ មានចំនួន៥១៦នាក់ក្នុងនោះស្ដ្រីមានចំនួន១៧៣នាក់ ដែលមានអ្នកសារព័ត៌មាន ដែលមកពីOneTV CBC ទីភ្នាក់ងារព័ត៌មានបរទេស និងប៊្លូ ខេមាហ្វីម ខេមបូឌា។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ នេះ ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេសបានចំនួនជាង ២០០០នាក់ហើយ៕
Comments