វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៤ ២០២១
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រងសហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សំណើនេះត្រូវបានដាក់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពិចារណាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ព្រមជាមួយនឹងការជំរុញដំណើរការចាក់វ៉ាក់សាំងបានលឿនជូន ចំពោះមន្ត្រីរាជការ និងការជំរុញការចាក់វ៉ាក់សាំង ជូនដល់អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យផ្សេងទៀត។
តាមសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចាប់ផ្តើមធ្វើការពិភាក្សាជាមួយក្រសួង សុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងវិស័យឯកជន ដើម្បីសិក្សាអំពីការបើកទទួលកញ្ចប់ទស្សនកិច្ចចំពោះទេសចរដែលចាក់វ៉ាកក់សាំងរួចហើយ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ឬពេលវេលាសមស្របណាមួយដ៏ឆាប់ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា សៀមរាប-អង្គរ ជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ ដែលមានការគ្រប់គ្រងសហគមន៍បានល្អហើយ និងនៅពេលដែលអ្នកផ្តល់សេវាទេសចរណ៍ទាំងឡាយបានទទួលវ៉ាក់សាំងរួចហើយ គួបផ្សំនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាលរដ្ឋក្នុងគោលដៅនេះបានដំណើរការទៀត វាអាចនឹងបង្ហាញបាននូវភាពជឿជាក់កក់ក្តៅដល់ទេសចរបានហើយដែរ៕
Comments