វិស័យឯកជនអរគុណរាជរដ្ឋាភិបាលដែលចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ដល់កម្មករនិយោជិត

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៤ ២០២១

 

  វិស័យឯកជនដែលកំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លើកឡើងថា ការផ្តល់ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ដល់កម្មករនិយោជិត គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាការរក្សានូវច្រវាក់ផលិតកម្ម ខណៈជំងឺកូវីដ១៩កំពុងតែរាតត្បាតខ្លាំងក្នុងសហគមន៍ បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ ២០២១។

 

  លោក អ៊ុច ស៊ីណាត នាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា «នេះជាមោទនភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខុមាលភាពរបស់បុគ្គលិក កម្មករនិយោជិត ព្រមទាំងដៃគូអាជីវកម្មក្នុងវិស័យឯកជន ខណៈអាទិភាពចម្បងរបស់ក្រុមហ៊ុននាពេលនេះ គឺរក្សាសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក ព្រមទាំងដៃគូអាជីវកម្ម និងសហគមន៍របស់យើង»។ លោកបន្តថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន កូកា-កូឡា ក៏ដូចជាក្រុមហ៊ុនវិនិយោគដទៃទៀតទទួលបានការយកចិត្តទុកដាក់នូវទង្វើដ៏ប្រពៃពីរាជរដ្ឋាភិបាល ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺកាន់តែបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយក៏ជាការលើកកម្ពស់ភាពទុកចិត្តរបស់វិនិយោគិន ដែលជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា។

 

   ការសម្តែងការអរគុណនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ដល់កម្មករនិយោជិត នៅថ្ងៃដំបូងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់និយោជិតដែលបានស្ម័គ្រចិត្តប្រមាណ៥០០នាក់ ក្នុងចំណោមកម្មករនិយោជិតដែលមានឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ ក្នុងជំហានដំបូងជាង៧ម៉ឺននាក់។

IMG_20210408_114753_957

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ គឺជាអាវុធថ្មីមួយ បន្ថែមពីលើការយល់ដឹងអំពីអនាម័យ និង៣កុំ ៣ការពារ ក្នុងការការរពារខ្លួន ការពារក្រុមគ្រួសារ ការពារអាជីវកម្ម និងសហគមន៍។

ក្រុមហ៊ុនកូកា-កូឡា បង្ហាញពីជំនឿទុកចិត្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមការងារសុខាភិបាលគ្រប់កម្រិត ក្រុមការងារជួរមុខ ដោយមានការចូលរួមចំណែកពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឱ្យកម្ពុជាអាចឆ្លងផុតគ្រាដ៏លំបាកនេះ ហើយកម្ពុជានឹងត្រឡប់មកកាន់តែខ្លាំងក្លាជាងមុន៕IMG_20210408_114751_724

Comments

Related posts