សហគមន៍កសិកម្មផលិតស្វាយចន្ទីសរីរាង្គចំនួន២ក្នុងខេត្តព្រះវិហារគ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសានតាណា

 

 

វិទ្យុជាតិកម្ពុជា អត្ថបទ៖ វ៉ែន សុវុទ្ឋី

 

MC: សហគមន៍កសិកម្មផលិតស្វាយចន្ទីសរីរាង្គចំនួន២ ក្នុងខេត្តព្រះវិហារ គ្រោងនឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសានតាណា ដែលជាក្រុមហ៊ុនមួយដ៏ធំ ប្រចាំខេត្ត ក្នុងការកែច្នៃផលិតផល ស្វាយចន្ទីរ សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។

 

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ឱ្យដឹងថា ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំតំណាងសហគមន៍ចំនួន២ ដែលមកពីសហគមន៍ រំទុំមានជ័យ និងសហគមន៍អូរភ្លែងពណ៌មានជ័យ ដែលស្ថិតនៅស្រុករវៀងនិងក្រុងព្រះវិហារ បានចូលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនសានតាណា ចរចាតម្លៃទីផ្សារស្វាយចន្ទី និងមានលក្ខខណ្ឌនានាជាច្រើនទៀត ដែលនឹងឈានទៅការចុះកិច្ចសន្យា នៅពេលខាងមុខនេះ។ 

 

 លោកបានបន្តថា ថ្មីៗនេះនៅខេត្តព្រះវិហារ មានសហគមន៍ស្វាយចន្ទីសរីរាង្គចំនួន៩ ហើយ ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនជាបន្តបន្ទាប់ សម្រាប់កិនកែច្នៃវេចខ្ចប់ ក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។

(សំឡេង)« កាលណាយើងចងក្រងជាសហគមន៍ទៅយើងអាចពូនជាកម្លាំងគ្នាហើយយើងមានផលិតផលច្រើនអាចតស៊ូមតិផ្នែកទីផ្សារជាក្រុមហ៊ុនដែលយើងអាចទទួលបានផលប្រយោជន៍ជាច្រើនទាក់ទងនឹងការងារហ្នឹងហើយក្រុមហ៊ុនគាត់ទទួលបានផលប្រយោជន៍ពីការងារនេះដែរ ផលប្រយោជន៍នៅពេល ដែលយើងចុះកិច្ចសន្យាទៅយើងមានទីផ្សារច្បាស់លាស់មួយតម្លៃមិនមានការចុះថោក និងឡើងថ្លៃទៅតាមឈ្មួញកណ្តាលទម្លាក់ថ្លៃឡើងថ្លៃអ៊ីចឹងទៅ ចំណែកឯក្រុមហ៊ុនគេមានទីផ្សារច្បាស់លាស់ខាងក្រៅក្នុងតំបន់ទីផ្សារប្រទេសដែលបញ្ជាទិញពីព្រោះខាងក្រុមហ៊ុនសានតាណាគាត់មានអតិថិជនបញ្ជាទិញមាននៅវៀតណាម ចិន អ៊ឺរ៉ុប និងជប៉ុនអ៊ីចឹងគាត់មានទីផ្សារនៅបរទេសហើយការឡើងចុះគឺមានភាពយុត្តិធម៌ដែលមានភាពចំណេញដល់បងប្អូនកសិករយើង»។

 

លោកបានបន្ថែមថា ក្រោយពីសហគមន៍កសិកម្មទាំង២ បានចុះកិច្ចសន្យា គឺដើម្បី ទទួលផលប្រយោជន៍ដល់ប្រជាកសិករ ព្រោះស្វាយចន្ទីសរីរាង្គ មានតម្លៃថ្លៃជាងស្វាយចន្ទីធម្មតា ដែលដាំដុះមិនប្រើប្រាស់ជីគីមី ។IMG_20210408_170522_240

   សូមបញ្ជាក់ថា សហគមន៍កសិកម្មផលិតស្វាយចន្ទីសរីរាង្គចំនួន២ ក្នុងខេត្តព្រះវិហារនេះ មានសមាជិកដាំដុះចំនួនជាង២០០គ្រួសារ នៅលើផ្ទៃដីជាង៥០០ហិកតា ៕IMG_20210408_170528_052

Comments

Related posts