វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរបងប្អូនរួមជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
សារលិខិតរបស់សម្តេចតេជោ បានបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅ នាថ្ងៃពុធ ៣កើត ដល់ថ្ងៃសុក្រ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ,១៥ និងទី១៦ ខែមេសា ឆ្នាំ២០២១ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស សូមប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តម ក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។ សារលិខិតបន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំនេះ ជាឆ្នាំពាក់កណ្តាលអាណត្តិរបស់រាជរដ្ឋាភិបាល ដែលបានខិតខំបន្តអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផលធំៗថ្មីៗយ៉ាងច្រើន ប្រកបដោយមោទនភាព។
សារលិខិតរបស់សម្តេចតេ ជោបន្តទៀតថា រាជរដ្ឋាភិបាល ដែលប្រសូតចេញពីការបោះឆ្នោតប្រកបដោយភាពសេរីត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយ និងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុងការបង្កើនល្បឿននៃការអនុវត្តការងារកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានភាពប្រាកដនិយម ជាពិសេសការអនុវត្ត អភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ”។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលខិតខំបន្តពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ តាមរយៈការបន្តកសាងនិងពង្រឹងសមត្ថភាពស្ថាប័នឱ្យខ្លាំងជាងមុន ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាអាចគ្រប់គ្រងនិងដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ។
សារលិខិត ក៏បានបន្ថែមថា រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិ ឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ និងការពារដាច់ខាតនូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា ។ ជាលទ្ធផល កម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបញ្ជៀសបាននូវគ្រោះមហន្តរាយ សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ៕
Comments