រដ្ឋបាលរាជធានីភ្នំពេញ ព្រមាននឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលបម្រើការងារនៅក្នុងផ្សារអូរឫស្សីឡើយ បើមិនទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ 

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

 

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ព្រមាននឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលបម្រើការងារនៅក្នុងផ្សារអូរឫស្សីឡើយ បើមិនទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ ។

 

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងសេចក្តីណែនាំស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជ កម្មផ្សារអូឬស្សី ដែលបានចេញនៅថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២១នេះថា ក្រោយការ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះជាពិសេសក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់សរុបត្រឹមរយៈពេល ៤ ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០ នាក់ ។

 

ឯកឧត្តម ឃួង ស្រេង បន្តថា ចំពោះមុខ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដល់ក្រុមអាជីវករថា ដើម្បីចៀសវាងការពិន័យអន្តរកាល និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្ត រកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទះ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

 

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។ ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ក្នុងកាលៈទេសៈនេះ ដាច់ខាតគឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។ ក្នុងករណីពិនិត្យឃើញថា មានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬ អនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក សូមបងប្អូនប្រជាពលរដ្ឋ ធ្វើការណែនាំ និងរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនងទៅកាន់លេខ ១២៩៩ ហើយរដ្ឋបាលរាជធានីភ្នំពេញធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។

 

អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ រួមទំាងអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារនិងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រងឃ្លាំមើលណែនាំ និងមានចំណាត់ការឱ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល ៕

Comments

Related posts