រាជរដ្ឋាភិបាលប្តេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖រាជរដ្ឋាភិបាលប្តេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជាឱ្យឈានទៅមុខ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតជូនរួមជាតិអបអរសាទក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានមានប្រសាសន៍ថា រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និស្សិតសិស្សានុសិស្ស និងប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍនិងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាងត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនិងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

 

សម្តេចតេជោបន្តថា សម្រាប់ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងទៅ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាពខ្ពស់ ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថលបដិវត្តន៍ឧស្សាហកម្មទី៤ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនី ឱ្យបានគ្របដណ្តប់នៅទូទាំងប្រទេស ជាពិសេស នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។

 

 ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវបញ្ហាប្រឈមហានិភ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

 

សម្តេចតេជោ សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅឆ្នាំថ្មីឆ្នាំ២០២១នេះ ក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ ទី១- ការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញដើម្បីអភិវឌ្ឍជាតិនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននិងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាជន៕

Comments

Related posts