វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បន្តខិតខំរិះរកមធ្យោបាយនិងធ្វើផែនការយ៉ាងម៉ត់ចត់បំផុត ដើម្បីធ្វើឱ្យដំណើរការចាក់វ៉ាក់សាំងដែលមានស្រាប់ និងវ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខប្រព្រឹត្តិទៅដោយរលូន ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក១៩) បានមាន ប្រសាសន៍ថា ក្រោយការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានគិត គូរយ៉ាងច្បាស់លាស់ពីការផ្តល់ជូនវ៉ាក់សាំងទៅដល់ក្រុមមនុស្សអាទិភាពជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះ ក្រុមការងារ គ.វ.ក១៩ បាននិងកំពុងប្រឹងប្រែងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់ប្រជាពលរដ្ឋ ដែលរំពឹងថា នឹងចាក់ឱ្យរួច រាល់ទាំងដូសទី១និងដូសទី២ ក្នុងខែមេសានេះតែម្តង ។
លោកជំទាវបានបន្តថា នៅពេលខាងមុខ នឹងមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀត ដូច្នេះក្រុមការងារ គ.វ.ក១៩ នឹងធ្វើផែនការបន្ថែម ដើម្បីធ្វើឱ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ទទួលបានជោគជ័យតាមការគ្រោងទុក ។
សំឡេង ៖ « នៅពេលខាងមុខនេះនឹងអាចមានវ៉ាក់សាំងមកដល់ទៀត ហើយដូចដែលយើងទាំងអស់គ្នាបានជ្រាបនិងបានឮហើយសម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានចេញជាសារសំឡេង ដែលលោកតែងតែគិតគូរទៅដល់សុខទុក្ខសុខភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ហើយលោកបានធ្វើការសម្រេចចិត្ត ហើយក៏ធ្វើការណែនាំដ៏ខ្ពង់ខ្ពស់មកដល់ គ វ ក១៩ របស់យើង ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញដើម្បីឱ្យចាត់ចែងរៀបចំធ្វើផែនការនៅក្នុងការចាក់វ៉ាក់សាំងនេះ ធ្វើយ៉ាងណាឱ្យបានដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដូច្នេះគ វ ក១៩ កំពុងតែខិតខំរិះរកនូវមធ្យោបាយក៏ដូចជាធ្វើផែនការសកម្មភាពឱ្យបានហ្មត់ចត់បំផុត ដើម្បីឱ្យការចាក់វ៉ាក់សាំងដែលយើងកំពុងមានក្នុងដៃស្រាប់ និងវ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលខាងមុខនេះ »។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានធ្វើការពិភាក្សាជាមួយនឹងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយត្រូវយកចិត្តទុកដាក់ទៅលើការផ្ដល់វ៉ាក់សាំងនេះ ដោយសារមានប្រជាពលរដ្ឋទូទៅជាច្រើនមានបំណងចង់ចាក់វ៉ាក់សាំង ដូច្នេះនៅពេលខាងមុខ ក្រុមការងារនឹងពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះជូនដល់ក្រុមអាទិភាពផ្សេងៗទៀតដែលនៅសេសសល់ រួមទាំងក្រុមគ្រួសាររបស់បុគ្គលិកមន្ត្រីរាជការស៊ីវិល ជាពិសេសប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញនិងតំបន់ជុំវិញរាជធានីភ្នំពេញ ៕
Comments