វិទ្យុជាតិកម្ពុជា ៖ យីវិច្ឆិកា
ភ្នំពេញ៖សម្តេចតេជោបញ្ជាក់ថា ការបិទខ្ទប់រាជធានីភ្នំពេញ គឺមិនធ្វើឱ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារនោះទេ ព្រោះប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរទិញគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃបាន ដោយទិញនៅទីតាំងជិតបំផុតដែលខ្លួនរស់នៅ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ១៤ ខែមេសាថា ការបិទខ្ទប់នេះមិនមែន ដើម្បីសម្លាប់ប្រជាពលរដ្ឋនោះទេ ហើយអាជ្ញាធរក្រុងក៏បានត្រៀមសកម្មភាពជួយសង្រ្គោះ ប្រជាពលរដ្ឋដែលក្រីក្របំផុតផងដែរ ។ សម្តេចតេជោបន្តថា ការបិទខ្ទប់រាជធានីភ្នំពេញនេះក៏មិនធ្វើឱ្យប្រជាពលរដ្ឋដាច់បាយនោះដែរ ដោយរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យមានការនាំចូលសាច់ បន្លែ សម្រាប់លក់នៅក្នុងទីផ្សារផងដែរ ។ សម្តេចតេជោបន្ថែមថា ប្រជាពលរដ្ឋអាចធ្វើដំណើរ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអាចធ្វើឡើង ដោយសមាជិក យ៉ាងច្រើន ២នាក់ មិនឱ្យលើស៣ដង ក្នុងមួយសប្តាហ៍ នោះទេ ។
សំឡេង«ខ្ញុំសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋសូមកុំភិតភ័យស្លន់ស្លោជាមួយសភាពការណ៍ដែលកើតឡើងកាលពី ល្ងាចមិញនេះប្រសិនបើបងប្អូនបានឃើញនិងសិក្សាឱ្យបានច្បាស់អំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ បងប្អូនពិតជាមិនមានការព្រួយបារម្ភហួសហេតុពេកនោះទេ ។ អត្ថបទសេចក្តីសម្រេច ដែលខ្ញុំព្រះករុណាខ្ញុំបានចុះហត្ថលេខា គឺមានចែងសព្វគ្រប់ តែខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា បងប្អូននឹងមិនដាច់បាយ មិនខ្វះអង្ករ មិនខ្វះអំបិល មិនខ្វះស្បៀងអាហារសម្រាប់ផ្គត់ផ្គង់នៅទីក្រុងភ្នំពេញនោះទេ ។ បន្លែបង្ការដែលធ្លាប់ផ្គត់ផ្គង់ចូលពីខេត្តកណ្តាលទៅទីក្រុងភ្នំពេញ អាចនឹងត្រូវទទួលបានការអនុញ្ញាតឱ្យនាំចូល ត្រូវចែកចាយនៅទីក្រុងភ្នំពេញ ដើម្បីផ្តល់ឱ្យសម្រាប់ការផ្គត់ផ្គង់នៅទីក្រុងភ្នំពេញដដែល តាមរយៈនៃគណៈកម្មាធិការសម្រួលការរៀបចំបន្ថែមទៀត នូវពេលវេលាដែលបានមកដល់ រាប់ទាំងការដឹកជ្រូក ដឹកគោយកទៅទី សត្តឃាតនៅទីក្រុង សាច់ផ្គត់ផ្គង់ទីក្រុងក៏អាចធ្វើទៅបាន នោះគឺជាការចាំបាច់របស់យើង នៅក្នុងការផ្គត់ផ្គង់ជីវភាព »។
សម្តេចតេជោបញ្ជាក់ថា ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រ ដែល ត្រូវបានបិទខ្ទប់។ ការធ្វើដំណើរ ដោយមូលហេតុសុខភាព បន្ទាន់នេះ ចេញក្រៅឬចូល ក្នុងរង្វង់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរ ដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាត នូវកាតព្វកិច្ចទាក់ទងនឹងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេស ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
Comments