វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ សម្តេចតេជោ បានអំពាវនាវឱ្យផ្អាកការលក់គ្រឿងស្រវឹងទូទាំងប្រទេសរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ១៤ ខែមេសា ដោយបានអំពាវនាវឱ្យអាជីវករនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ផ្អាកការលក់គ្រឿងស្រវឹងរយៈពេល១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះនៅតាមបណ្តាខេត្ត មានការផឹកស៊ីច្រើនដោយគ្មានការត្រួតពិនិត្យឱ្យបានល្អ ។
សម្តេចតេជោ បន្តថា គ្រឿងស្រវឹង ថ្វីត្បិតតែគេចាត់ទុកវាជាប្រភេទស្បៀងអាហារមែន ប៉ុន្តែវាជាស្បៀងអាហារមួយដែលមិនចាំបាច់ ហើយវាអាចបង្ករឱ្យមានការជួបជុំ និងបាត់បង់ស្មារតីម្ចាស់ការក្នុងការអនុវត្តវិធានការ៣កុំ ៣ការពារ ។ សម្តេចតេជោ បន្ថែមថា ការលក់ទឹកក្រូច ទឹកសុទ្ធ ឬប្រភេទភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹង គឺអាចលក់បានជាធម្មតា សម្រាប់ប្រជាពលរដ្ឋទូទៅ ។
សម្តេចបានសំណូមពរបន្តថា មិនមែនតែទីក្រុងភ្នំពេញទេ នៅតាមខេត្តនានា ឥឡូវនេះកំពុងតែមានការស៊ីផឹករីករាលដាល ហើយ គ្មានការត្រួតពិនិត្យបាន ត្រឹមត្រូវទេ ។
ចំពោះក្រុមស៊ីផឹក ខ្ញុំសុំអំពាវនាវសុំឱ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ជៀសនូវការស៊ីផឹកដោយគ្មានការចាំបាច់ នៅតាមទីកន្លែងខ្លះ ហើយនៅទីក្រុងភ្នំពេញ គ្រឿងស្រវឹងមិនមែនចាត់ទុកថាជាប្រភេទស្បៀងអាហារចាំបាច់នោះទេ ពិតមែនហើយគេចាត់ទុកថាស្រាឬប៊ីយែរគឺជាប្រភេទស្បៀង ក៏ប៉ុន្តែខ្ញុំសុំស្នើឱ្យនៅក្នុងរាជធានីភ្នំពេញ ផ្អាកការលក់ស្រា ផ្អាកការលក់ប៊ីយែរ នៅក្នុងរយៈពេល១៤ថ្ងៃនេះ ប៉ុន្តែសូមមេត្តាលក់ទឹកក្រូច សូមមេត្តាលក់ទឹកសុទ្ធ សូមមេត្តាលក់ទឹកអ្វីផ្សេងៗទៀតដែលមិនមែនជាគ្រឿងស្រវឹងជូនប្រជាពលរដ្ឋរបស់យើង »៕
Comments