កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅ ឈរជើងរបស់សមត្ថកិច្ច ដែលកំពុងអនុវត្តន៍តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៤សសរ និងលេខ ៤៩សសរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
គណៈបញ្ជាការឯកភាពខេត្ត រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យគោលដៅមានព្រំប្រទល់ ខេត្តកំពង់ចាម- ខេត្តកណ្ដាល (ចំណុចស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្ដាល ព្រំប្រទល់ស្រុកកងមាស និងមុខកំពូល និងព្រំប្រទល់ស្រុកបាធាយ និងស្រុកមុខកំពូល) ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ នៅតាមគោលដៅរបស់ខ្លួន ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀតនេះ៕
Comments