សម្តេចតេជោថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមរណៈ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងឈានទៅរកមរណៈពិតប្រាកដ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ ៖ សម្តេចតេជោថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមរណៈ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈទេ វានឹងឈានទៅរកមរណៈពិតប្រាកដ ដែលពិបាកក្នុងការទប់ស្កាត់ណាស់។
 
តាមរយៈសារសំឡេង ស្តីពី វិធានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានរយៈជិត២ខែទៅហើយ ដែលមិនទាន់មានសញ្ញាណថមថយនោះទេ ហើយការរីករាលកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ និងចំនួនអ្នកស្លាប់ក៏មានការកើនឡើងផងដែរ។

 សម្តេចតេជោ អង្វរប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីយកឈ្នះលើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។ 
សំឡេង៖ «សូមអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើង ខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ដ៏គ្រោះថ្នាក់ យើងកំពុងស្ថិតនៅមាត់ជ្រោះ នៃមរណៈហើយ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈ ពិតប្រាកដ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ជាពិសេសការគាំទ្រ និងចូលរួមរបស់ប្រជាជន»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងយកពេលវេលាដែលកម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃរមណៈ ឱ្យក្លាយទៅជា កាលានុវត្តនភាពថ្មីមួយ ដើម្បីក្លាយជាឱកាស ក្រោយពេលចូលឆ្នាំរួច ក្នុងរយៈពេល១៤ ថ្ងៃ កម្ពុជាកាត់បន្ថយការចម្លង ជំងឺកូវីដ-១៩ ឱ្យបានជាអតិបរមា៕

Comments

Related posts