មន្ត្រីជំនាញគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ប្តេជ្ញាចិត្តបំបាត់កូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ 

វិទ្យុជាតិកម្ពុជា ៖ លោក ចន ណារិទ្ធ 

   រាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ បានប្តេជ្ញាចិត្តថានឹងបំបាត់ជម្ងឺកូវីដ-១៩ ឱ្យបានក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាល រយៈពេល១៤ថ្ងៃនេះ។

photo_2021-04-15_20-10-12
   ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅម៉ោង៣រសៀលរហូតដល់ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពី ឯកឧត្តម  ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធាន
អចិន្រ្តៃយ៍នៃគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ ។
   ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំតាមរយៈ video conferenceនេះ មានគោលបំណងឱ្យគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់អនុវត្តន៍ឱ្យបានជោគជ័យ ទៅសេចក្តីសំរេច របស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ក្រុងភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីបំបាត់ជម្ងឺកូវីដ-១៩ ដែលការងារនេះយើងត្រូវធ្វើឱ្យបានលទ្ធផលល្អប្រសើរក្នុងរយៈពេល១៤ថ្ងៃ ដោយមិន ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

photo_2021-04-15_20-10-15
   ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យសមាជិកទាំងអស់នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីបំបាត់ជម្ងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃនេះទទួលបានជោគជ័យ។
   ឯកឧត្តម  ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍ពីការងារមួយចំនួនដែលអាជ្ញាធរ បាននិងកំពុងអនុវត្តន៍ ដោយរដ្ឋបាលរាជធានីបានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដាក់ តាមគោលដៅចំនួន២៧គោលដៅ ដើម្បីអនុវត្តន៍ការសំរេចបិទខ្ទប់នេះ បានដាក់ចេញជាវិធានការចំពោះទំនិញឡើងថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់កុងស៊ី កាប់ជ្រូក គោ និងអាជីវករលក់ដូរសាច់ គ្រឿងហូបចុក ធ្វើកិច្ចសន្យាមិនឲ្យឡើងថ្លៃ ខណៈដែលពួកគាត់បានឡើងថ្លៃសាច់ជ្រូក សាច់គោ ក្នុងដំណាក់កាលនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបានកំណត់ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លង ជម្ងឺកូវីដ-១៩។
    ឯកឧត្តម  ឃួង ស្រេង បានបញ្ជាក់ថា  ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ដាច់ខាតត្រូវតែមាន ការចូលរួមពីប្រជាពលរដ្ឋ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ នោះយើងមិនអាចទទួលបានជោគជ័យទេ ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចលនាជាមួយប្រជាពលរដ្ឋហើយ ហើយប្រជាពលរដ្ឋជាង៩០ភាគរយបានចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល ។ 
      ជាក់ស្តែង នៅតាមដងផ្លូវនានា ខណៈអនុវត្តន៍នូវការសម្រេចបិទខ្ទប់នេះគេសង្កេតឃើញថា មានប្រជាពលរដ្ឋប្រមាណតែ២ទៅ៣ភាគរយប៉ុណ្ណោះ ដែលពួកគាត់ធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះភាគច្រើន ជាប្រជាពលរដ្ឋដែលមានការចាំបាច់ក្នុងការងារ ទៅចាក់វ៉ាក់សាំង ឬទៅទទួលសេវាសុខាភិបាល  និង ទៅទិញម្ហូបអាហារជាដើម។
   គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើការអនុវត្តវិធានការ បិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព មិនប៉ះពាល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋ ដោយ រក្សាបានស្ថិរភាពទំនិញ លំហូរទំនិញ ដែលការអនុវត្តនេះធ្វើយ៉ាងណាកាត់ផ្តាច់ ជាកង់ៗជម្ងឺកូវីដ-១៩តែម្តង ៕

Comments

Related posts