ក្រសួងសុខាភិបាលបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តអំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវនេះ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា យើងត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីប្រយុទ្ធនឹងវិរុសកូវីដ-១៩ សម្រាប់ការរស់នៅល្អប្រសើរនៅថ្ងៃស្អែក សម្រាប់ឆ្នាំល្អប្រសើរ និងសម្រាប់អនាគតល្អប្រសើរ។ លោកជំទាវ សូមអំពាវនាវដល់ប្រជាជនឱ្យចូលរួមការពារ ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកជំទាវបន្តថា ក្នុងពេលនេះយើងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវដែលនៅចំពោះមុខយើងទាំងអស់គ្នា។ 
លោកជំទាវបានពន្យល់ថា សិទ្ធិរបស់អ្នក គឺជាសិទ្ធិរបស់ខ្ញុំ ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការវាយបកធ្វើឱ្យវីរុសកូវីដ-១៩ ទទួលរងនូវការបរាជ័យ ដោយស្នាដៃប្រជាពលរដ្ឋទាំងអស់គ្នា។ លោកជំទាវបន្តទៀតថា «សូមមានសុវត្ថិភាពល្អទាំងអស់គ្នា ដោយសូមនៅផ្ទះ!»។
សូមជម្រាបថា កាលពីថ្ងៃទី១៤ មេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាកច្រកម្ពុជា ក៏បានអង្វរប្រជាពលរដ្ឋខ្មែរទាំងអស់រួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងស្ថិតលើមាត់ជ្រោះមរណៈ បើមិនរួមគ្នាជម្នះទេ នឹងឈានទៅរកមរណៈជាក់ជាមិនខាន៕

Comments

Related posts