កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួន២ ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចំនួន២ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ដែលកិច្ចព្រមព្រៀងនេះ បានផ្តល់ទីផ្សារលើមុខ ទំនិញថ្មីៗ រាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា ដែលនឹងជួយជំរុញឱ្យមានកំណើនពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគកាន់តែធំជាងមុន ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងបានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដោយបញ្ចប់ការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២ គឺ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ RCEP នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ។ 

ដោយឡែក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ក៏បានប្រកាសបញ្ចប់ការចរចានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ និងត្រៀមចុះហត្ថលេខាក្នុងឆ្នាំ២០២១នេះផងដែរ ។ ឯកឧត្តម សង្ឃឹមថា ក្រុមការងាររបស់ក្រសួង ពាណិជ្ជកម្ម នឹងនៅបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ មួយចំនួនទៀត មានជាអាទិ៍ ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលី ជាដើម ដើម្បីកម្ពុជាអាច ធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញបន្ថែមទៀត ។ ឯកឧត្តម បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បានបំពេញកាតព្វកិច្ច នានាក្នុងក្របខ័ណ្ឌតំបន់ផងដែរ ដូចជាបានសម្របសម្រួលយ៉ាងសកម្មជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញ កាតព្វកិច្ចកម្ពុជាឱ្យបានពេញលេញ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយក្នុងនោះយើងបានបញ្ចប់នីតិវិធីសុំការផ្តល់ សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើកិច្ចព្រមព្រៀងចំនួន៣ គឺ(១). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។ (២) ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម និង ទី(៣). ពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន និងបានជូនដំណឹងទៅអគ្គលេខាធិការ អាស៊ានរួចរាល់ហើយ៕

Comments

Related posts