វិទ្យុជាតិកម្ពុជា៖ ស្រីផល
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ បានចូលរួមអនុវត្តន៍តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល យ៉ាងខ្ជាប់ខ្លួន ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាព។
លោកស្រី ឌី សុំច័ន្ទគ្រឹស្នា ប្រជាពលរដ្ឋរស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះខណ្ឌ ច្បារអំពៅ បានប្រាប់វិទ្យុជាតិកម្ពុជាយើងថា ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំងអស់បានចូលរួមក្នុងការអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ដោយមិនធ្វើ
ដំណើរចេញពីលំនៅឋានប្រសិនបើគ្មានការចាំបាច់ ដើម្បីឱ្យមានភាពងាយស្រួលដល់អាជ្ញាធរក្នុងការ គ្រប់គ្រងកុំឱ្យឆ្លងបន្តនៃជំងឺកូរីដ-១៩ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេស កម្ពុជាយើង ឆាប់បានវិលត្រឡប់មកការរស់នៅបែបធម្មតាឡើងវិញ។ លោកស្រីបានបន្តថា ទោះបីជាមានការបិទខ្ទប់នៅតំបន់មួយចំនួនក៏ដោយ ក៏អាជ្ញាធរមិនតឹងរុឹងពេកដែរបើសិនជាយើងមានការចាំបាច់ណាមួយ។
លោកស្រីបានបន្តទៀតថា ប្រជាពលរដ្ឋអាចទៅទិញម្ហូបបានជាធម្មតា ដោយ១អាទិត្យគឺលោកស្រីចេញទៅទិញម្ហូប២ដង ដើម្បីយកមកទុកសម្រាប់ការហូបចុកប្រចាំថ្ងៃ
ជាពិសេសរាល់ការទៅធ្វើការម្តងៗ គឺពួកគាត់ត្រូវបង្ហាញកាតការងារទៅអាជ្ញាធរមានសមត្ថ
កិច្ច ដើម្បីឱ្យគាត់អនុញ្ញាតឱ្យយើងបានទៅធ្វើការជាធម្មតាផងដែរ។
សំឡេង ៖ សម្រាប់ភូមិសាស្ត្រដែលខ្ញុំរស់នៅ អាជ្ញាធរមានសមត្ថកិច្ច បានបិទខ្ទប់ផងដែរ
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូរីដ-១៩ ហើយជាមួយគ្នានោះដែរ ប្រជាជនក៏បានគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកាត់បន្ថយនៃការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។តែទោះជាយ៉ាងនេះក្តីក៏សមត្ថកិច្ចនៅតែអនុគ្រោះដល់ប្រជាជននិងមន្ត្រីរាជការ ណាដែលមានការចាំបាច់ដែលត្រូវ ទៅបំពេញភារកិច្ច និងប្រកបរបរលក់ ត្រីសាច់ បន្លែ និងគ្រឿងបរិភោគនានា បានចេញចូលជាធម្មតាផងដែរ។
លោកស្រីបានបញ្ជាក់បន្ថែមថា រាល់ការចេញចូលនៅពេលមានភារកិច្ចចាំបាច់នេះដែរ ក៏ប្រជាពលរដ្ឋគ្រប់រូប នៅតែបន្តអនុវត្តន៍ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយ
ពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ
និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលា
ម៉ោងសូន្យ នាថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕
Comments