វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៤ ២០២១
រដ្ឋបាលក្រុងព្រះសីហនុ សម្រេចផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែង ចំពោះអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម៣ថ្ងៃ ក្រោយការផ្អាក និងបន្ទាប់ពីមាន លិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។
ការផ្អាកនេះ បន្ទាប់ពីរកឃើញអាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ដោយមានចំនួន សរុប១៣នាក់។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ គឺចាប់ពីម៉ោង១៥រសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ -១៩។
អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើក្រុងព្រះសីហនុ។ ក្នុងករណីអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាក នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ រួមទាំងថ្ងៃឈប់សម្រាក។
អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល។
សូមបញ្ជាក់ថា ថ្វីដ្បិតមានការផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ ប៉ុន្តែត្រូវបានលើក លែងចំពោះ អាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម៣ថ្ងៃក្រោយការផ្អាក បន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។
ដោយឡែកចំពោះអាជីវករទូទៅ នឹងត្រូវបានអនុញ្ញាតឱ្យចូលលក់ដូរក្នុងផ្សារលើវិញ បន្ទាប់ពីការបិទផ្អាករយៈពេល១៤ថ្ងៃ បានបញ្ចប់ និងត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្តដូចគ្នា។
ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ រដ្ឋបាលខេត្តក៏លើកទឹកចិត្តដល់អាជីវករ និងអតិថិជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយ ជាអតិប្បរមាក្នុងការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តន៍ ឱ្យបាន ដាច់ខាតកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
Comments