វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន
ប៉ៃលិន៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យ និងនាំយកស្បៀង អាហារទៅចែកជូនដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមគោលដៅ ព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីអនុវត្តន៍នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីសម្រេចនេះ ចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅមិនទាន់មានការ ធូរស្រាលនៅឡើយទេ ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល មានការឆ្លងរីករាលដាលកាន់តែច្រើនឡើងថែមទៀត ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចេញនូវសេចក្តីសម្រេច ស្តីពីការ ហាមឃាត់ ការធ្វើដំណើរឆ្លងខេត្ត (Lockdown) និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ និងហាមការលក់ដូរគ្រឿងស្រវឹង ក្នុងការគ្រប់គ្រងសភាពការណ៍នៃការចម្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់។
ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ណែនាំបន្ថែមដល់កម្លាំងដែលកំពុងឈរជើងតាមគោលដៅនីមួយៗ ត្រូវអនុវត្តន៍នូវ ភារកិច្ចនេះឲ្យបានហ្មត់ចត់បំផុត ដោយមិនមានការយោគយល់ និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាលនេះប្រសិនបើមិនមានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកម្សាន្ត នៅគ្រប់ទីកន្លែង ជាពិសេសអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ។
គួរបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ ក៏បានឧបត្ថម្ភ ស្បៀងអាហារ មួយចំនួន ព្រមទាំងថវិកា ១លានរៀល ក្នុង ១គោលដៅ ដោយក្នុងនោះមានចំនួន ៦គោលដៅ៖ ទី១-គោលដៅចំណុចភ្នំកុយជាប់ព្រំប្រទល់ស្រុកកំរៀង ទី២-គោលដៅចំណុចព្រំប្រទល់ប៉ៃលិន បាត់ដំបង ជាប់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទី៣-គោលដៅចំណុចស្ពានភ្នំដំបង ជាប់ព្រំប្រទល់ស្រុកសំឡូតខេត្តបាត់ដំបង ទី៤-គោលដៅចំណុចដីស ជាប់ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបង ទី៥-គោលដៅចំណុចអូរចិត្តប្រាំ ជាប់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងទី៦-គោលដៅចំណុចផ្លូវបំបែក១៨ ជាប់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
Comments