រដ្ឋបាលខេត្តកណ្តាលនឹងបិទខ្ទប់ក្រុងតាខ្មៅទាំងស្រុងតែម្តង ក្នុងរយៈពេល ១៤ថ្ងៃ

 

 

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា

 

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាលនឹងធ្វើការបិទខ្ទប់ក្រុងតាខ្មៅទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ឱ្យមាន ប្រសិទ្ធភាព អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវផ្ដោតសំខាន់លើការហាមឃាត់ចំពោះការធ្វើដំណើរឆ្លងកាត់ពីក្រុងតាខ្មៅ ទៅរាជធានីភ្នំពេញ លើកលែងតែកិច្ចការងារបំពេញមុខងារ ការងារផ្ដល់សេវាសង្រ្គោះបន្ទាន់ សេវាសាធារណៈចាំបាច់ និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការដឹកជញ្ជូនទំនិញ ផ្សេងៗ ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារ ជាក់ស្តែង ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យ ឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង។

ឯកឧត្ដមបានបញ្ជាក់ថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតឲ្យលក់ធម្មតា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតឲ្យមកទិញគ្រឿងឧបភោគយកទៅផ្ទះ ត្រឹមតែ ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ចំពោះហាងលក់ សម្ភារផ្សេងៗ ដូចជាកន្លែងលក់គ្រឿងសំណង់ លក់កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិក និងផ្ទះសំណាក់ ត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃតែម្ដង ។ចំពោះសហគ្រាស ក្នុងក្រុងតាខ្មៅ គឺអនុញ្ញាតឲ្យដំណើរការធម្មតា ប៉ុន្តែអនុញ្ញាតឱ្យមានកម្មករត្រឹមតែ ២៥នាក់ប៉ុណ្ណោះ ។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តកណ្ដាល ពិសេស បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការអនុវត្តសេចក្តីសម្រេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។IMG_20210416_191417_987

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ដែលកំពុងមានការកើនឡើងខ្លាំង ៕IMG_20210416_191415_221

Comments

Related posts