ឯកឧត្តម​​ ឃួង​ ស្រេង​ ណែនាំអាជ្ញាធរ​ និងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅតាមទីផ្សារ និងមានវិធានការ ម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

 

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

 

​ រាជធានីភ្នំពេញ៖ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់ក្នុងរាជធានីភ្នំពេញត្រូវអនុវត្តន៍ការសម្រេច របស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានឹងការអនុវត្តសេចក្តីសម្រេចនេះ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយឲ្យបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្ការ ទៅផ្គត់ផ្គង់ទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ។

  ការណែនាំបែបនេះរបស់​ឯកឧត្តម​ ឃួង ស្រេងបានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ មេសានេះ នៅក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំតាមប្រពន្ធវីដេអូ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព។

   ឯកឧត្តម​ ឃួង ស្រេង បានមានប្រសាសន៍ថា សម្រាប់រាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញ ចូលរាជធានីចំនួន៩ទីតាំងនិងចំនួន២៨ទៀតនៅកណ្តាលក្រុងសរុបទាំងអស់ ចំនួន៣៧ទីតាំងដែលគណៈ បញ្ជាការឯកភាពនិងកងកម្លាំងប្រដាប់អាវុធបានដាក់ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ ឯកឧត្តម​ ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរក៏ដូចជាកម្លាំងពាក់ព័ន្ធត្រូវអនុវត្តន៍ការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើសនិងខ្វះទេ ។ ចំពោះការដឹកទំនិញដែលយើងឃើញថាជាគ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវឲ្យគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។

  ឯកឧត្តម​ ឃួង ស្រេងក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលយើងបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ អាជ្ញាធរនិងសមត្ថកិច្ចត្រូវពង្រឹងឲ្យបានខ្លាំងក្លាបំផុត ចៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។ 

​ ឯកឧត្តម​ ​ឃួង​ ស្រេង​ បញ្ជាក់ថា បើសិនជាបងប្អូនដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកបងប្អូនដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័កនៅទីតាំងខាងក្រៅ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ៕

Comments

Related posts