វិទ្យុជាតិកម្ពុជា ៖ លោក ចន ណារិទ្ធ
រាជធានីភ្នំពេញ ៖ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ច ដែលបាននិងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងគោលដៅចេញ ចូលរាជធានីភ្នំពេញ និងគោលដៅនៅ
កណ្តាលក្រុង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៦ ខែមេសានេះ បានប្រគល់ឧបករណ៍ឃោសនស័ព្ទហៅ មេក្រូកាន់ដៃចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ឱ្យមានគម្លាតពីអ្នកធ្វើដំណើរ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ការប្រគល់ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យកងកម្លាំងយើងយកទៅប្រើប្រាស់ឱ្យមានគម្លាតសុវត្ថិភាពពីអ្នកធ្វើដំណើរ ចៀសវាងកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដែលកន្លងមក កម្លាំងសមត្ថកិច្ចនិយាយដោយមាត់ មិនមានមេក្រូកាន់ដៃ បំពងសំលេង ។
គួរបញ្ជាក់ផងដែរថា ការអនុវត្តសេចក្តីសម្រេចរបស់រាជ
រដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ទីតាំងត្រួតពិនិត្យ ច្រកចេញ ចូលរាជធានីភ្នំពេញចំនួន៩គោលដៅ និងដាក់គោលដៅដើម្បីត្រួតពិនិត្យនៅតាមបណ្តាខណ្ឌទាំង១៤
ចំនួន២៨គោលដៅទៀត សរុបទាំងអស់ចំនួន៣៧គោលដៅ ។
លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ ក្នុងពេលទទួលឧបករណ៍ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ទាំង៥០គ្រឿងនេះ បានបញ្ជាក់ថា មីក្រូកាន់ដៃទាំងនេះនឹងយកទៅប្រគល់ជូនសមត្ថកិច្ចប៉ូលីស ដែលឈជើងនៅគ្រប់គោលដៅទាំងអស់ ដើម្បីបាន
និយាយណែនាំពីវិធានផ្សេងៗ បានឆ្ងាយពីប្រជាពលរដ្ឋ ៕
Comments