វិទ្យុជាតិកម្ពុជា៖ ស្រីផល
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវអ្នកទិញទំនិញតាមអនឡាញទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចងាយ និងប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ដោយមិនដឹងខ្លួន តាមរយៈការយកទំនិញពីអ្នកដឹកជញ្ជូន ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅពេលទិញទំនិញ ឬ ទទួលទំនិញពីអ្នកដឹកជញ្ជូនតាមអនឡាញ ប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើពុំដូច្នោះទេវាអាចងាយឆ្លងជំងឺកូវីដ-១៩ជាមិនខាន ខណៈដែលករណីឆ្លងនេះ បានកើតឡើងចំពោះ ប្រជាពលរដ្ឋមួយចំនួនរួចមកហើយ។
លោកបានឲ្យដឹងថា កន្លងមក ប្រជាពលរដ្ឋមួយចំនួនគាត់នៅតែផ្ទះសោះ ប៉ុន្តែក៍ឆ្លងជំងឺកូវីដ-១៩នេះដែរ ដោយសារតែពួកគាត់ បានឆ្លងពីអ្នកដឹកជញ្ជូនដែលបានយកទំនិញមកឲ្យ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើទំនិញណាដែលមិនចាំបាច់ សូមកុំធ្វើការកុម្មង់ ដើម្បីចៀសឲ្យឆ្ងាយពីការឆ្លងនូវជំងឺដ៏កាចសាហាវនេះ ហើយពេលទិញអាហារឬទំនិញតាមអនឡាញ មេត្តាប្រុង ប្រយ័ត្នពេលគិតលុយ និងការយកអាហារ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសនៅពេលធ្វើការគិតលុយពេលទិញទំនិញ សូមប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីកុំឲ្យឆ្លងកូវីដ-១៩ ព្រោះអ្នកអនឡាញក៏ឆ្លងដែរ»។
សំឡេង៖ "បើសិនជាបងប្អូនយើងទិញទំនិញតាមអនឡាញ គឺសូមឲ្យប្រយ័ត្នប្រយែង រឿងវិធានសុខាភិបាល ការគិតលុយ ការយកអាហារ ឧទាហរណ៍ដូចតែគុជអ៊ីចឹង បើកាលណា អ្នកOnline ដៃគាត់មានមេរោគ ហុចតែគុជទៅប៉ះ ហើយយើងយកទៅញ៉ាំគឺឆ្លងហើយ ។អ៊ីចឹងរឿងអនឡាញនេះ សូមទិញអាហារទាំងឡាយណា ដែលធានាបានថាមិនឆ្លងកូវីដ ដូចជាអាហារអាចយកទៅកម្ដៅបាន និងអាហារ ដែលមានស្រោមបិទជិត យើងបាញ់អាល់កុលសម្លាប់មេរោគ បានយើងយកទៅធ្វើអីបាន ឧទាហរណ៍ថាបងប្អូនទិញបន្លែតាមអនឡាញ ដើម្បីយកទៅធ្វើអន្លក់ ហើយបងប្អូនអត់បានលាងស្អាត បងប្អូនយកទៅញ៉ាំឆៅ វានឹងងាយឆ្លង ។
លោកអភិបាលរងរាជធានីភ្នំពេញ នៅតែអំពាវនាវយ៉ាងទទូច ឲ្យប្រជាពលរដ្ឋទាំអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ពិសេសអនុវត្ត វិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមទាំងអស់គ្នាក្នុងការកាត់ផ្តាច់នូវជំងឺ កូវីដ-១៩ដ៏សាហាវនេះឲ្យមានប្រសិទ្ធភាព ខណៈជំងឺនេះបានឆក់យកជីវិតប្រជាពលរដ្ឋជាង១០០នាក់ហើយ៕
Comments