មន្ទីរទេសចរណ៍ខេត្តក្រចេះពង្រឹងការអនុវត្តន៍វិធានការសុខាភិបាល នៅតាមតំបន់ទេសចរណ៍

 

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស 

ក្រចេះ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានអនុវត្តសារាចរណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល នៅតាមគោលដៅ ទេសចរណ៍នានាទូទាំងខេត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល បិទបញ្ចប់ការហាមឃាត់ ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស ខាងមន្ទីរទេសចរណ៍ខេត្តក្រចេះបានត្រៀមខ្លួនក្នុងការអនុវត្តន៍សារាចរ ណែនាំរបស់ក្រសួងទេសចរណ៍ដែលបានដាក់ចេញ ដើម្បីចូលរួមការពារកុំឲ្យឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមតំបន់ទេសចរណ៍ ក្នុងខេត្តក្រចេះ ។

លោកបានបញ្ជាក់ថា ការអនុវត្តន៍វិធានការសុខាភិបាលនេះគឺដើម្បីពង្រឹងសុវត្ថិភាព និងភាពកក់ក្តៅ ដល់ភ្ញៀវទេសចរដែលទៅលេងកម្សាន្ត កុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

សំឡេង៖ « ក្នុងនាមមន្ទីរទេសចរណ៍បានធ្វើការងារពាក់ព័ន្ធទៅនឹងរមណីយដ្ឋានទេសចរណ៍តាមការណែនាំ បស់ក្រសួងហើយជា យុទ្ធនាការ គឺយើងចុះផ្ទាល់ដល់រមណីយដ្ឋានពន្យល់អប់រំណែនាំពីបរិបទសង្គមបច្ចុប្បន្ន ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ បញ្ហាធ្វើយ៉ាងម៉េចឲ្យ រមណីយដ្ឋានមានសុខសុវត្ថិភាពចៀសផុតពីជំងឺកូវីដ-១៩ » ។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា គ្រប់គោលដៅទេសចរណ៍ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងម៉ឺងម៉ាត់នូវវិធានការ ដែលបាន ដាក់ចេញដោយក្រសួងសុខាភិបាល កត់ត្រាភ្ញៀវទេសចរ អាសយដ្ឋាននិងលេខទូរសព្ទទំនាក់ទំនង ការប្រើប្រាស់ប្រព័ន្ធQR Code ទប់ស្កាត់កូវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវធ្វើការស្កែនជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន និងត្រូវរៀបចំការត្រួតពិនិត្យ ការបាញ់អាល់កុលសម្លាប់មេរោគ ភ្ញៀវទេសចរតម្រូវឲ្យពាក់ម៉ាស់ស្របតាមគោលការណ៍សុខាភិបាល ។បន្ថែមពីនេះទៀតគ្រប់គោលដៅទេសចរណ៍ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរ ពិសេសត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា តាមស្តង់ដារគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវទេសចរលើសចំណុះជាដាច់ខាត ចំពោះការជួបជុំជាលក្ខណៈគ្រួសារ នៅតាម គោលដៅទេសចរណ៍ក៏ចាំបាច់ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានត្រឹមត្រូវយ៉ាងតិច១ម៉ែត្រកន្លះពីគ្នា ។

សូមបញ្ជាក់ថា នៅខេត្តក្រចេះមានតំបន់គោលដៅទេសចរណ៍ចំនួន១៩កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមាន៥កន្លែង រមណីយដ្ឋានធម្មជាតិមាន១៣កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិមាន១កន្លែង៕

Comments

Related posts