អភ័យឯកសិទ្ធិតំណាងរាស្ត្រ មិនអាចបំពានវិធានការបិទខ្ទប់បាននោះឡើយ

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៦ ០៥ ២០២១

 

   លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានបញ្ជាក់ថា តំណាងរាស្រ្តមានអភ័យឯកសិទ្ធិ ប៉ុន្តែមិនអាចយក អភ័យឯកសិទ្ធិនេះ ទៅរំលោភលើវិធានសុខាភិបាល វិធានរដ្ឋបាល ឬវិធាននានាដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបាននោះឡើយ។

   ការបំភ្លឺនេះ គឺដើម្បីឆ្លើយតបទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួនដែលរិះគន់ថា តំណាងរាស្រ្តមិនបានជួយអ្វីដល់ប្រជាពលរដ្ឋ ក្នុងគ្រាដែលជួបការលំបាកក្នុងតំបន់បិទខ្ទប់។

  ដូចគ្នានេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ថា នៅក្នុងតំបន់ក្រហម គឺត្រូវបាន ហាមឃាត់រាល់ការធ្វើដំណើរ និងសកម្មភាពនានាទាំងអស់ រាប់ទាំងតំណាងរាស្រ្តផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ដូច្នេះ រាល់ជំនួយរបស់តំណាងរាស្រ្ត អាចផ្តល់ឱ្យបានតាមរយៈកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការបិទខ្ទប់ ដែលមានសិទ្ធិ ចេញចូលឆ្លងកាត់តំបន់ក្រហមនោះបាន។IMG_20210507_021051_706

  តាមការបញ្ជាក់បន្ថែមពីឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា តំណាងរាស្ត្រតាមមណ្ឌលនីមួយៗ រង់ចាំពេលវេលា សមស្រប ទើបអាចចុះទៅជួយប្រជាពលរដ្ឋ ហើយមិនបានបោះបង់ប្រជាពលរដ្ឋចោលដូចការចោទប្រកាន់នោះទេ ខណៈសមាជិក សមាជិកាគ្រប់រូប ក៏បានបរិច្ចាគថវិកា និងធនធានរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល ក្នុងនោះរាប់ទាំងវិភាគទានសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃផង៕IMG_20210507_021044_855

Comments

Related posts