វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ០៣ ២០២៣
គម្រោងស្ពាន និងផ្លូវឆ្លងកាត់ទន្លេសាបភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ អាចនឹងបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំការទម្លាក់ថវិកាកម្ចីពីរដ្ឋាភិបាលប្រទេសចិន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង និងគម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ ដែលរដ្ឋគ្រោងធ្វើឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនាម្សិលមិញនេះថា ផ្លូវមួយខ្សែមាន ប្រវែង៥៨គីឡូម៉ែត្រនេះ អាចនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ក្នុងគម្រោងចំណាយទឹកប្រាក់ប្រមាណ២៥០លានដុល្លារអាមេរិក ក្នុងនោះប្រហែល១៥០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវកៅស៊ូ និងប្រហែល១០០លានដុល្លារ សម្រាប់សាងសង់ស្ពាន កាត់ទន្លេសាប ដែលមានចម្ងាយ៣.៣០០ម៉ែត្រ វែងជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា គម្រោងផ្លូវនេះ ត្រូវបានចាត់ទុកជាផ្លូវយុទ្ធសាស្ត្រដ៏ដំខាន់ ដើម្បីភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទៅកាន់ច្រក និងតំបន់ពាណិជ្ជកម្មផ្សេងៗដូចជាទៅកាន់ព្រំដែនកម្ពុជា-ថៃ រាជធានីភ្នំពេញ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយសារ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនដែលមានស្រាប់ដូចជាការដឹកជញ្ជូនតាមផ្លូវរថភ្លើង កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលកំពុងសាងសង់ ការដឹកជញ្ជូនតាមផ្លូវទឹក ការភ្ជាប់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥១ ជាដើម។
យោងតាមការសិក្សាជាលក្ខណៈអន្តរក្រសួង បានបង្ហាញថា គម្រោងសាងសង់ផ្លូវលេខ៥០សេ ភ្ជាប់ត្រង់ភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺមិនមានការប៉ះពាល់ដល់ផ្នែកបរិស្ថាន ជលផលនោះឡើយ។ ចំណែកសំណង់លំនៅឋាន និងដីកសិកម្មរបស់ពលរដ្ឋ ក៏មិនប៉ះពាល់ធ្ងន់ធ្ងរនោះដែរ ខណៈក្នុងគម្រោងនឹងមានការសាងសង់ស្ពានចំនួន៥ទៀត មានប្រវែងពី៥០ម៉ែត្រទៅ១០០ម៉ែត្រ និងដាក់លូប្រអប់ចំនួន១៥៩កន្លែង៕
Comments