បទយកការណ៍៖ ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រាសាទអង្គរវត្ត

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឈានមកដល់នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៣។ព្រះរាជពិធីនេះ ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជា ស្តីពី៖ ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រាសាទអង្គរវត្តដូចតទៅ៖
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាពេលខាងមុខនេះ កម្ពុជាក៏បានចាប់ផ្តើមរៀបចំព្រះរាជពិធីសុំព្រះអគ្គីកីឡា ពីព្រះអាទិទេព សម្រាប់ព្រះអគ្គីកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងរៀបចំពិធីរត់ដង្ហែព្រះអគ្គីកីឡានេះ នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសផងដែរ។
ព្រះអគ្គីកីឡាមានប្រវត្តិជាប់ទាក់ទងទៅនឹងការប្រកួតកីឡាអូឡាំពិក នៅសម័យក្រិកបុរាណ ដែលរៀងរាល់ពេលបើកការប្រកួតម្តងៗ គេតែងតែសុំព្រះអគ្គីកីឡាពី ព្រះអាទិទេពនៅភ្នំអូឡាំព្យាក្នុងប្រទេសក្រិក ដោយប្រារព្ធពិធីសុំព្រះអគ្គីអាទិទេព តាមទំនៀមទម្លាប់ និងប្រពៃណីវប្បធម៌យ៉ាងត្រឹមត្រូវ។
ដើម្បីឱ្យពិធីព្រះរាជប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី២១ ខែមីនានេះ ប្រព្រឹត្តទៅមានភាពល្អប្រសើរ តាមផែនការគ្រោងទុក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍( CAMSOC ) បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំង ប្រារព្ធពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅបរិវេណសាលាខេត្តសៀមរាប ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា៖ ការជួបគ្នារវាងក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តជាម្ចាស់ផ្ទះ ក្នុងការយកចិត្តទុកដាក់ ទទួលខុសត្រូវឱ្យ បានច្បាស់លាស់ និងបានពិភាក្សាលម្អិត លើការងាររួមសម្រាប់ការរៀបចំ នូវព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីកីឡា ដែលនឹងប្រារព្ធធ្វើឡើង នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សំឡេង១«អ៊ីចឹងយើងប្រជុំនៅទីនេះ មានសារៈសំខាន់ណាស់ យើងប្រជុំហើយ យើងមកមើលទីតាំងផ្ទាល់ ។អ៊ីចឹងនេះជាកាតព្វកិច្ចមួយ ដែលយើងត្រូវពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ ឱ្យមានភាពលម្អិតក្នុងព្រះរាជពិធីប្រោសព្រះរាជទានភ្លើងអគ្គីកីឡានៅពេលខាងមុខនេះ»។
ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ។ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖ ព្រះអគ្គីក្រៅពីផ្តល់ថាមពល ភាពសុខសាន្ត សុភមង្គលដល់ប្រជាពលរដ្ឋហើយ គឺជាភ្លើងដែលផ្តល់នូវសុខសន្តិភាពដល់ប្រទេសជាតិ ។ ដូច្នេះព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីកីឡា នឹងត្រូវអនុវត្តតាមរបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់យើង ក្នុងប្រវត្តិសាស្ត្រផងដែរ។
សំឡេង២«ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីកីឡានេះ មានលក្ខណៈពិសេសណាស់ ពិសេសត្រង់ថា យើងធ្វើទៅតាមលំនាំនិងប្រវត្តិ នៃការរៀបចំពិធីប្រកួតកីឡាអូឡាំពិកនៅឯប្រទេសក្រិក អូឡាំពិកបុរាណ តាំងពី២០០០ឆ្នាំមុនគ្រិស្ដសករាជ ដែលគេធ្វើពិធីយកភ្លើង ពីព្រះអគ្គីអ៊ីចឹងដែរ។  អ៊ីចឹងយើងធ្វើនេះតាមលំនាំ មក មានលក្ខណៈជាទ្រឹស្តី ក៏ដូចជាប្រវត្តិសាស្ត្រ ដែលមានមូលដ្ឋានច្បាស់លាស់។ អ៊ីចឹងយើងធ្វើឱ្យមានការរៀបចំនេះ ដោយសារកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣នេះ ជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រ៦៤ឆ្នាំដែលយើងរង់ចាំ»។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា៖ ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា ដោយអង្គព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី មានអត្ថន័យធំធេងខ្លាំងណាស់ ដែលតំណាងឱ្យសេចក្តីសុខ សន្តិភាព និងតេជបារមី។ ដូច្នេះក្រោយពេលព្រះរាជពិធីប្រទានព្រះអគ្គីកីឡាហើយ ភ្លើងអគ្គីកីឡានោះ នឹងថែរក្សាមិនឱ្យរលត់រហូតដល់ថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលតំណាងឱ្យសេចក្តីសុខ តំណាងឱ្យសុភមង្គល តំណាងឱ្យថាមពលខ្លាំងក្លា របស់ប្រជាជាតិយើង។ ព្រះអគ្គីត្រូវបានអង្គព្រះមហាក្សត្រ ដែលយើងហៅព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស ។ព្រះអង្គជាតំណាងឱ្យព្រះអាទិទេព ឬព្រះអង្គជាតំណាងឱ្យយើងទាំងអស់គ្នា ក្នុងការប្រគល់ភ្លើងនេះ។ហើយភ្លើងនឹងជានិមិត្តរូបមួយ នៃការរៀបចំការប្រកួតកីឡាពីពិធីបើករហូតទៅដល់ពិធីបិទ ។ពិធីបើកស៊ីហ្គេម រហូតទៅដល់ពិធីបិទនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ។អ៊ីចឹងយើងត្រូវថែរក្សាភ្លើងព្រះអគ្គីនេះឱ្យបានគត់មត់ ឱ្យបានល្អរហូតដល់ពិធី ត្រូវបានបញ្ចប់ ។នេះជាអ្វីមួយដែលយើងមានការរៀបចំឱ្យមានការទទួលបាន ឱ្យកីឡាករ កីឡាការិនីមានកិត្តិយស ក្នុងការទទួលយកព្រះអគ្គីនេះ »។
ឯកឧត្តមបន្តទៀតថា៖ ការជ្រើសរើសយកទីតាំងប្រាសាទអង្គរវត្ត សម្រាប់ពិធី «ព្រះអគ្គីកីឡា» ដែលជាភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នា នឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ។
សំឡេង៤«យើងធ្លាប់មានព្រឹត្តិការណ៍កីឡាធំមួយនៅឆ្នាំ១៩៦៦ ដែលយើងហៅថាកីឡាកានីហ្វូ ក្នុងពេលនោះយើងឃើញមានរូបភាពរត់ភ្លើងគប់នៅក្នុងប្រាសាទនេះដូចគ្នាដែរ ជាពិសេសក្នុងខ្លោងទ្វារនេះតែម្តង យើងឃើញមានរូបភាពច្បាស់លាស់ ហើយមានដំណើរការនៃការយកភ្លើង អាទិទេពកីឡានេះ ពីអង្គរទៅអុជនៅឯពហុកីឡដ្ឋានជាតិអូឡាំពិករបស់យើង ដូចគ្នាដែរ ។អ៊ីចឹងព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតារបស់យើង ព្រះរាជានុញ្ញាតនឹងរៀបចំពិធីនេះម្តងរួចហើយ ដែលនេះជាប្រវត្តិសាស្ត្រលើកទី២ហើយ ដែលព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បានផ្តល់នូវព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតប្រទាននូវភ្លើងនេះ ហើយនឹងធ្វើឱ្យទឹកចិត្តរបស់កីឡាករយើងកាន់តែល្អប្រសើរ និងមោះមុតក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនេះឱ្យទទួលបានជោគជ័យ »។photo_2023-03-20_08-34-55
បើតាមគម្រោង បន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ហើយ ការរត់ភ្លើងគប់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីអង្គរវត្ត និងរត់ភ្លើងគប់នៅក្នុងវង់តូចអង្គរ ១ជុំ ហើយយកទៅតម្កល់ទុកនៅវត្ដរាជបូណ៌។ សម្រាប់ថ្ងៃទី២២ ខែមីនាព្រះអគ្គីកីឡា(ភ្លើងគប់)នឹងត្រូវដង្ហែចេញពីវត្តដោយកីឡាករឆ្នើមនិងក្រុមកីឡាករអម ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបដើម្បី បន្តដំណើរទៅកាន់ បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១០ប្រទេស។បន្ទាប់ពីចប់ពិធីដង្ហែព្រះអគ្គីកីឡានៅបណ្តាប្រទេសទាំង១០ហើយពិធីទទួលនឹងប្រារព្ធធ្វើនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង ។នៅថ្ងៃទី២៨ខែមេសា ព្រះអគ្គីកីឡានឹងបន្តដង្ហែមកកាន់រាជធានីភ្នំពេញ។ជាបន្តមកទៀត ព្រះអគ្គីកីឡានឹងត្រូវបន្តដង្ហែទៅកាន់ខេត្តជុំវិញបឹងទន្លេ សាប ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង ទើបដង្ហែព្រះអគ្គីកីឡាចូលពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយ:ពេល ៦៤ឆ្នាំ។
ជាមួយបញ្ហានេះផងដែរ យុវជន ជឿន ចាន់បូរី អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ  បានឱ្យដឹងថា៖ ប្អូនបានចូលរួមហាត់រៀនកីឡាប្រភេទកាយសម្ព័ន្ធ ផ្នែករាំ តាំងពីឆ្នាំ២០០៦មក។ កាន់ខិតជិតចូលមកដល់ការប្រកួតកីឡាស៊ីហ្គេម យុវជន បូរី កាន់តែមានជំនឿជឿជាក់ យកជ័យជំនះក្នុងការប្រកួត និងបានខិតខំប្រឹងប្រែងហាត់រៀនបន្ថែម កាន់តែខ្លាំង ជាមួយលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងបរទេស។ ប្អូនបូរី បានបន្ថែមទៀតថា៖ ក្នុងឱកាសនៃព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប ប្អូនពិតជាសប្បាយរីករាយ និងកាន់តែមានជំនឿចិត្ត ក្នុងការចូលរួមស៊ីហ្គេមនាពេលខាងមុខ។
សំឡេង៥ «សម្រាប់ខ្ញុំរំភើបហើយសប្បាយរីករាយមែនទែន ដែលបានអង្គព្រះមហាក្សត្រប្រទានភ្លើងគប់ សម្រាប់ស៊ីហ្គេមខាងមុខនេះ និយាយទៅកាន់តែជំរុញទឹកចិត្តកីឡាករខ្មែរយើងទាំងអស់ឱ្យកាន់តែ ខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព នៅស៊ីហ្គេមលើកទី៣២នៅខាងមុខនេះ»។photo_2023-03-20_08-35-52
លោកអ្នកនាងស្តាប់ជាទីមេត្រី!
ដោយបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជាទទួលបានធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាកាប្រកួតកម្រិតអន្តរជាតិដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះជាកិត្តិយសនិងជាប្រវត្តិសាស្តថ្មីមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជា រង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំមកហើយ។


សូមជម្រាបថា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕photo_2023-03-20_08-37-27photo_2023-03-20_08-37-26photo_2023-03-20_08-37-19photo_2023-03-20_08-37-25photo_2023-03-20_08-37-23photo_2023-03-20_08-37-21

Comments

Related posts