វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ០៣ ២០២៣
កញ្ញា ហេង សុផាណែត វ័យ២៩ឆ្នាំ ជាស្ត្រី និងកូនខ្មែរមួយរូប ដែលមានឆន្ទៈក្នុងការជួយអប់រំចំពោះកុមារមានជំងឺអូទីស្សឹមនៅកម្ពុជា បន្ទាប់ ពីនាង បានអនុបណ្ឌិតផ្នែកអប់រំពិសេសពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ ២០២០។ នេះ គឺជាមោទកភាពមួយដែលនាងបានផ្តល់ជូនដល់ប្រទេស និងប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធិផលដ៏លំបាក និងអស្ចារ្យមួយនេះ។ ពំនោលនៃគំនិតរបស់នាង គឺ«ពន្លឺថ្មីនៃក្តីសង្ឃឹមសម្រាប់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា»។
កញ្ញា ហេង សុផាណែត បានបើកមជ្ឈមណ្ឌលអប់រំពិសេសមួយដែលមានឈ្មោះថា 'OrbRom Center' ដែលមានន័យជាភាសាខ្មែរថា «អប់រំ» ដែលនាងមានគោលបំណងផ្តល់ជូននូវតម្រូវការចម្រុះនៃការសិក្សាទូទៅអំពីរាងកាយ អំពីសង្គម និងអំពីអារម្មណ៍នៃសិស្សដែលមានតម្រូវការពិសេស។ ឯកទេសរបស់កញ្ញារួមមានអូទីស្សឹម, ADHD, Dyslexia, ការលំបាកកក្នុងការប្រកប, ជំនាញប្រាស្រ័យទាក់ទង និងការសិក្សាយឺត និងបញ្ហាជាច្រើនទៀត។
ម្ចាស់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកអប់រំពិសេសរូបនេះបាននិយាយថា «ខណៈដែលខ្ញុំធ្វើការជាមួយកុមារទាំងនេះ និងសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ខ្ញុំបានដឹងថា មានលក្ខខណ្ឌបញ្ហាជាច្រើនប្រភេទដូចជា ADHD, អូទីស្សឹម, Dyslexia, ពិការភាពក្នុងការសិក្សា, Selective Mutism និងបញ្ហាច្រើនទៀត។ កុមារគ្រប់រូបមានលក្ខណៈពិសេស ហើយតម្រូវការរបស់ពួកគេ គឺខុស គ្នាពីកុមារម្នាក់ទៅកុមារម្នាក់។ កុមារខ្លះមានផលប៉ះពាល់អប្បបរមា ដែលទាមទារការយកចិត្តទុកដាក់ត្រឹមត្រូវ ក្រោមការត្រួតពិនិត្យ ខណៈកុមារផ្សេងទៀតដែលមាន កម្រិតខ្លាំង ទាមទារការអត់ធ្មត់ និងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអាចឃើញការផ្លាស់ប្តូរ ជាវិជ្ជមានបាន។ ខ្ញុំបានដឹងថា ការអត់ធ្មត់ ការយោគយល់ ការស្រឡាញ់ និងការយកចិត្តទុកដាក់ គឺជាអ្វីដែលកុមារទាំងនេះត្រូវការបំផុត»។
កញ្ញា សុផាណែត បានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំនៅឆ្នាំ២០១៥ ពីវិទ្យាស្ថានភាសាបរទេស(IFL) នៅរាជធានីភ្នំពេញ និងបានចេញធ្វើការដំបូងក្នុងឆ្នាំ២០១៦ ជាមួយកុមារត្រូវការអប់រំពិសេស។ សុផាណែតនិយាយថា «អ្នកគ្រប់គ្រងរបស់ខ្ញុំបានពន្យល់ថា មានសិស្សម្នាក់មានបញ្ហាអូទីស្សឹម ហើយម្នាក់ទៀតមាន ADHD។ នៅពេលនោះ ខ្ញុំមិនយល់អំពីលក្ខខណ្ឌទាំងនេះទេ ដូច្នេះខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ទៅលើលក្ខខណ្ឌទាំងអស់នោះ។ ខ្ញុំក៏បានដឹងថា សិស្សទាំងនោះជាសិស្សដែលមានតម្រូវការពិសេស ដែលតម្រូវឱ្យមានការស្រឡាញ់ និងការយកចិត្តទុកដាក់ដោយអត់ធ្មត់ និងយោគយល់បំផុត»។ កញ្ញា បន្តថា «ដំបូងឡើយ ខ្ញុំយល់ថា ការអប់រំ និងការជួយកុមារដែលមានតម្រូវការពិសេស គឺមិនងាយស្រួលនោះទេ ហើយប្រាកដណាស់វានាំមកជាមួយនូវបញ្ហាប្រឈមជាច្រើន។ ស្ថានភាពដែលលំបាកបំផុតនោះ គឺនៅពេលដែលឪពុកម្តាយត្រូវបានជូនដំណឹងថា កូនរបស់ពួកគេមានពិការភាព និងតម្រូវការពិសេស។ វាមិនត្រឹមតែពិបាកសម្រាប់កូនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់ពួកគេក៏ពិបាកដែរ»។
សុផាណែត និយាយពីបទពិសោធន៍ថា បញ្ហាដែលប្រឈមខ្លាំងនោះ គឺការនិយាយជាមួយឪពុកម្តាយ ហើយប្រាប់ពួកគេថា កូនរបស់ពួកគេមានពិការភាព។ វាជាការងារដ៏លំបាកបំផុត ព្រោះឪពុកម្តាយកំពុងស្ថិតក្នុងការបដិសេធមួយ ហើយមិនអាចទទួលយកវាបានដោយងាយស្រួលនោះទេ។ ពួកគេមានអារម្មណ៍ថា គឺមានអ្វីមួយមិនប្រក្រតីទៅលើកូនរបស់ពួកគេ ហើយសួរថា ហេតុអ្វីបានជាវាកើតឡើងចំពោះពួកគេ។
កញ្ញា បានថ្លែងដូច្នេះថា «នៅពេលដែលខ្ញុំព្យាយាមពន្យល់ថា អូទីស្សឹមមិនមែនជាជំងឺទេ ប៉ុន្តែវាគឺជាពិការភាព។ វាពិបាកទទួលយកណាស់សម្រាប់ឪពុកម្តាយម្នាក់ៗ។ ពាក្យពិការនេះ គឺជាពាក្យធ្ងន់ណាស់សម្រាប់ពួកគេ ហើយវាក៏ពិបាកសម្រាប់ខ្ញុំក្នុងការធ្វើខ្លួនឯងឱ្យរឹងមាំ និងប្រកបដោយវិជ្ជាជីវៈ នៅពេលឃើញឪពុកម្តាយឈឺចាប់ និងយំបែបនេះណាស់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំដឹងថា វាមិនមានអ្វីមួយខុសនោះទេ ហើយការពិត គឺថាយើងអាចដោះស្រាយវាបាន។ ខ្ញុំមើលឃើញកត្តាវិជ្ជមានជាច្រើននៅក្នុងវិស័យនេះ ហើយចាប់តាំងពីការបើកមជ្ឈមណ្ឌលសម្រាប់តម្រូវការពិសេស និងគេហទំព័ររបស់ពួកយើងមក ខ្ញុំបានឃើញការរីកចម្រើនយ៉ាងច្រើន។ ឥឡូវនេះឪពុកម្តាយហ៊ាន និយាយអំពីកូនរបស់ពួកគេ ហើយក៏ទទួលយកបានថា កូនរបស់គាត់មានបញ្ហាអូទីស្សឹម។ ខ្ញុំឃើញថា មានមនុស្សកាន់តែច្រើនឡើងទទួលយក និងព្យាយាមស្វែងយល់បន្ថែម អំពីលក្ខខណ្ឌបញ្ហាទាំងអស់នេះ។ ពួកគេមិនមានភាពអវិជ្ជមានដូចឆ្នាំមុនៗនោះទេ»។
សុផាណែតជាកូនពៅ និងជាស្ត្រីខ្មែរតែម្នាក់គត់ ដែលបានទទួលសញ្ញាប័ត្រផ្នែកអប់រំពិសេស។ កញ្ញាបានថ្លែងថា «នៅពេលដែលខ្ញុំបានឆ្លងកាត់ ហើយចាប់ផ្តើមបង្រៀនសិស្ស ដែលមានតម្រូវការពិសេសទាំងនេះ ខ្ញុំក៏មានអារម្មណ៍ថា ខ្ញុំយល់ដឹងពីពូកគេច្រើន ដោយសារខ្ញុំក៏ធ្លាប់ជាអ្នករៀនយឺតម្នាក់ដែរ។ មនុស្សគ្រប់គ្នាតែងយល់ច្រឡំពីខ្ញុំ។ គេថាខ្ញុំមិនឆ្លាត ថាខ្ញុំរឹងរូស ហើយដាក់ងារខ្ញុំថាជាក្មេងមិនល្អ។ ខ្ញុំធំធាត់ឡើងដោយមានការតស៊ូ និងឆ្លងកាត់ច្រើននូវការ រៀនសូត្រ។ ឥឡូវនេះ នៅពេលដែលខ្ញុំឃើញកុមារទាំងនេះ ខ្ញុំហាក់បីដូចជាឃើញខ្លួនឯងនៅក្នុងខ្លួនពួកគេអញ្ចឹង។ ខ្ញុំចង់ទាញយកនូវអ្វីដែលល្អបំផុតដែលពួកគាត់មានហើយខ្ញុំមិនចង់ឱ្យពួកគេឆ្លងកាត់នូវអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក។ នោះហើយ គឺជាចំណុចចាប់ផ្តើមរបស់ខ្ញុំ ពោលគឺនៅក្នុងឆ្នាំ២០១៨ ខ្ញុំក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំពិសេសរបស់ខ្ញុំ»។
រួមជាមួយនឹងមជ្ឈមណ្ឌលអប់រំពិសេសរបស់ខ្លួននេះ កញ្ញា សុផាណែត ក៏ធ្វើការជាមួយកុមារគ្រប់ថ្នាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ ហើយគោលដៅបន្ទាប់របស់នាង គឺគម្រោងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកចិត្តវិទ្យាក្នុងពិការភាព ខណៈក្នុងនាមជាជនជាតិខ្មែរដំបូងគេ ដែលសម្រេចបានច្រើនក្នុងវ័យក្មេងបែបនេះ ប្រាកដជាមានការតស៊ូប្រឹងប្រែងក្នុងខ្លួនយ៉ាងខ្លាំង ដើម្បីឈរជើងសម្រាប់ក្មេងៗទាំងនោះ និងដើម្បីណែនាំពួកគេឱ្យដើរលើផ្លូវដ៏ស្រស់ស្អាតរបស់ពួកគេ៕នេះជាលីងអាស័យដ្ឋានផ្ទាល់https://kh.orbrom.com/
Comments