ប្រជាជនខ្មែរនៅតែមានជំនឿទៅលើជំនាងផ្ទះ ទោះបីបច្ចុប្បន្នមានការវិវត្តន៍បច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៨ ធ្នូ ២០២៤

a22-31

a21-36

a24-26

a23-26

MC៖ ប្រជាជនខ្មែរនៅតែមានជំនឿទៅលើជំនាងផ្ទះ ទោះបីបច្ចុប្បន្នមានការវិវត្តន៍បច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ ព្រោះតាមប្រវត្តិដំណាលតៗគ្នាប្រជាជនខ្មែរបានចាត់ទុកថា ជំនាងផ្ទះគឺជាបុព្វបុរសដើមភេទស្រី ដែលនៅរង់ចាំថែរក្សាម្ចាស់ផ្ទះ។
   លោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើង សង្គមយើង នៃវិទ្យុជាតិកម្ពុជាថា  ជនជាតិណាក៏ដោយដែលមានជីវិតរស់នៅលើលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន អាស្រ័យទៅលើការយល់ឃើញ និងសេចក្តីសុខដែលពួកគេទទួលបាន។ ជនជាតិខ្លះមានជំនឿលើធម្មជាតិ បឹងបួរទន្លេ ភ្នំ ដើមឈើធំៗ ឬ អព្ភូតហេតុផ្សេងៗដែលជារឿងអច្ឆរិយៈ ដោយពួកគេនាំគ្នាគោរពបន់ស្រន់ ដោយជឿថា នឹងនាំមកនូវសុភមង្គល សេចក្តីសុខដល់គ្រួសារសហគមន៍ និង ប្រទេសជាតិទាំងមូល។ តាមវចនានុក្រុមខ្មែរបានពន្យល់ថា ជំនាងផ្ទះគឺជា ទេវតាដែលថែរក្សាផ្ទះ និងជាវត្ថុសក្ដិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ។
«យើងហៅជំនាងផ្ទះ ឬជនាងផ្ទះ ដែលគេជឿថាជាមនុស្សស្រី ខ្លះថាជាស្រីក្រមុំ តែងតែថា មានរូបស្អាត ដែលបញ្ជាក់ថាបរិសុទ្ធ ។អ្នកខ្លះថាមកបង្ហាញខ្លួន ក្នុងយល់សប្តិ ខ្លះថានៅមុខស្រស់ៗ ក៏មាន ដោយចងចាំថាជាមនុស្សស្រី មិនដែលមានអ្នកណាថា ជំនាងផ្ទះ មកភ្នែកក្រឡោត លាន  អណ្ដាតមក គឺមិនដែល ព្រោះជំនាងផ្ទះជាអ្នកនាំមង្គលមកដល់ផ្ទះ»។
   លោកសាស្ត្រាចារ្យ អាំង ជូលាន បានបន្តទៀតថា បច្ចុប្បន្នសម័យកាលវិវត្តន៍ ធ្វើឱ្យការសែនព្រេន ឬជំនឿលើ ជំនាងផ្ទះក៏មានការផ្លាស់ប្ដូរ ដោយលាយឡំបញ្ចូលគ្នារវាងទម្លាប់ចិន និងខ្មែរ ដោយរបស់របរទិញពីផ្សារមកនោះ គឺភាគច្រើននិយមពណ៌ក្រហម ។
លោក ពន្លកជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំងបានលើកឡើងពីជំនឿរបស់ប្រជាពលរដ្ឋដែលបានបន្តពីបុព្វបុរសខ្មែរយើងរហូតមកដល់សព្វថ្ងៃនេះ ដោយមានហេតុផលខ្លះមិនចុះ សម្រុងនឹងគ្នា ទើបធ្វើឱ្យជំនឿខ្លះក៏នៅមានអ្នកគោរព ខ្លះក៏បោះបង់ចោលទៅតាមការគិតរៀងៗខ្លួន។
«បើយើងនិយាយពីជំនឿនេះគឺតាំងពីកើតមនុស្សមក កើតនៅលើផែនដីពេលណា មានជំនឿនៅក្នុងនោះតាំងពីពេលនោះមក មិនចាំបាច់ថាអ្នកនេះចាត់ចែងអ្នកនោះចាត់តាំងទេ។ អ៊ីចឹងជំនឿទាំងអស់នេះសុទ្ធសឹងតែកើតចេញពីបុព្វបុរសយើងដែលគាត់បានសន្មតមកសព្វបែបយ៉ាង វាគឺជាព្រលឹងជាតិមួយ ដែលវាជារឿងមួយដែលយើងត្រូវធ្វើតពីដូនតាមករៀងៗខ្លួនចឹងទៅ។ តើសួរថាស្រុកភូមិនីមួយៗ មានទេ គឺមាន ចឹងសាសនាដទៃៗទៀតក៏មានដូចគ្នាដែរ មិនមែនអត់ទេ អ៊ីចឹងជឿ ទៅតាមលទ្ធិសាសនារៀងៗខ្លួន»។
    ជំនាងផ្ទះ ឬម្នាងផ្ទះ ឬជនាងផ្ទះ ដែលប្រជាពលរដ្ឋហៅទៅតាមតំបន់នោះ បើតាមប្រពៃណីខ្មែរ នៅវេលាគេសង់ផ្ទះថ្មី មុននឹងដាក់ដំបូលគេតែងយកសំពត់ជាតី ឬថាក្រណាត់ពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ ដែលគូរយ័ន្តទៅដាក់ភ្ជាប់ចំកណ្តាលមេដំបូល ដែលគេរៀបទ្រនឹប ដែលមានបង្អែម ចម្អាប, ទៀន ធូប, ផ្កាភ្ញីជាដើម។ ឧទាហរណ៍៖ អុជទៀនធូបបូជារំលឹកដល់ជំនាងផ្ទះ ដើម្បីសុំឱ្យជួយថែរក្សាកូនចៅ ឱ្យសុខសប្បាយ។ ក្រោយពេលសាងសង់ផ្ទះរួចរាល់ហើយ គេតែងតែដាក់ជំនាងផ្ទះ នៅក្នុងផ្ទះ ដែលគេជឿថា នឹងមានទេវតាតាមថែរក្សាផ្ទះ ដោយអ្នកខ្លះជឿទៀតថា នឹងមានខ្មោចជំនាងផ្ទះមកលេង ឬមកពន្យល់សប្តិជាដើម។ ជាទូទៅគេតែងរៀបចំសែនរាល់ថ្ងៃសីល និងថ្ងៃប្រារព្ធពិធីសាសនានានា ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ, ចូលឆ្នាំចិន, សែនក្បាលទឹក, ពិធីអកអំបុក និងសំពះព្រះខែ, សែននំព្រះខែ និងកម្មពិធីបុណ្យប្រពៃណីជាដើម៕

Comments

Related posts