វិទ្យុជាតិកម្ពុជា លោកស្រី លក្ខិណា
ភ្នំពេញ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសមួយ ទាក់ទងទៅនឹងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរប្រមាណ៣៧កន្លែង ដែលបានផុតសុពលភាពនៃការចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។ ជាមួយគ្នាផងដែរ មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន៩ទៀត ក៏មានការយឺតយ៉ាវមិនទាន់ស្នើសុំ ឬបន្តសុពលភាពនៅឡើយដែរ។
បើយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីឱ្យនីតិបុគ្គល ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសកម្ពុជានៃក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរឯកជន ចំនួន៣៧ក្រុមហ៊ុន មិនបានមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស លើសរយៈពេល២ឆ្នាំ។ជាវិធានការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានសម្រេចបញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ ។
ក្នុងករណីនៅតែបន្តធ្វើសកម្មភាពអាជីវកម្ម ដោយគ្មានលិខិតអនុញ្ញាត ម្ចាស់ក្រុមហ៊ុនត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ។
ជាមួយគ្នាផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ៕