ការគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងសាលាបានល្អខ្ជាប់ខ្ជួន គឺ បានចូលរួមលើកកម្ពស់គុណភាពអប់រំ និងធ្វើឱ្យខ្លួនឯងផ្ទាល់មានតម្លៃ

Narith | ថ្ងៃទី 17 ខែ មករា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៧ មករា ២០២៤

a22-7

a23-6

a24-6

a25-6

a26-6

a27-4

a28-3

a29-2

a30-3

a31-2

MC៖ លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា ការគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងសាលាបានល្អខ្ជាប់ខ្ជួន មិនត្រឹមតែបានចូលរួមលើកកម្ពស់គុណភាពអប់រំប៉ុណ្ណោះទេ តែនឹងធ្វើឱ្យខ្លួនឯងផ្ទាល់មានតម្លៃ មានសេចក្ដីថ្លៃថ្នូរ និងចំណេញពេលវេលាថែមទៀតផង។
លោកបណ្ឌិត កាន់ ពុទ្ធី អនុប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ ដូច្នេះហើយបានជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជាវិធានការគន្លឹះចំនួន៤ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការពង្រឹងក៏ដូចជាការកែទម្រង់សម្រាប់ការអប់រំឆ្នាំ ២០២៤-២០២៨ ក្នុងនោះមានវិធានការគន្លឹះទី២គឺ ការពង្រឹងវិន័យនិងសីលធម៌ របស់សិស្ស និងគ្រូនៅតាមសាលារៀន។
  លោកបណ្ឌិត បានបន្ដថា វិន័យមិនមែនមានត្រឹមតែនៅក្នុងសាលារៀនប៉ុណ្ណោះទេ វិន័យមានទាំងនៅផ្ទះ វិន័យទទួលទាន ស្លៀកពាក់ ជាដើម។ ឧទាហរណ៍ ការគោរពវិន័យនៅក្នុងសាលារៀននឹងធ្វើឱ្យចំណេញពេលវេលា មានពេលវេលារៀនគ្រប់គ្រាន់ , គោរពវិន័យនៅក្នុងការទទួលទាន មិនចេះតែហូបតាមការឃ្លាន នឹងទទួលបានសុខភាពល្អជាដើម។
 «បទបញ្ជាផ្ទៃក្នុង អ្វីដែលយើងសរសេរនៅក្នុងសាលារៀនគឺជាការដាក់អនុវត្តទាំងសិស្សទាំងគ្រូ ទាំងមាតាបិតា ទាំងថ្នាក់ដឹកនាំសាលារៀន ខ្ញុំឧទាហរណ៍ថា បទបញ្ជាផ្ទៃក្នុង គឺ និយាយពីគោលបំណងថា ហេតុអីបានជាយើងបង្កើតបទបញ្ជាផ្ទៃក្នុង ហើយជារួមបទបញ្ជាផ្ទៃក្នុង ដើម្បីឱ្យអ្នកទាំងអស់គ្នាគោរពតាមគឺមានគោលការណ៍រួមមួយ ក្នុងការអនុវត្ត។ ការចុះឈ្មោះចូលរៀនត្រូវគិត យ៉ាងម៉េច ការរៀននិងបង្រៀន ព្រោះបង្រៀនត្រូវធ្វើយ៉ាងម៉េចបង្រៀនសិស្ស ដោយយកចិត្តទុកដាក់ ដាក់កិច្ចការឱ្យសិស្សធ្វើ ផ្ដល់ព័ត៌មានត្រឡប់ជាដើម។ អ៊ីចឹងសិស្សត្រូវគោរពវិន័យ គ្រូត្រូវគោរពវិន័យ មាតាបិតា ត្រូវ ត្រូវចូលរួមយ៉ាងម៉េច។ ជារួមនៅក្នុងបទបញ្ជាផ្ទៃក្នុងគឺសរសេរជាលក្ខខណ្ឌឬមួយក៏ជាគោលការណ៍មួយសម្រាប់ ឱ្យអ្នកពាក់ព័ន្ធជាមួយការអប់រំនៅក្នុងសាលារៀនអនុវត្ត។ ក្នុងនោះនិយាយពីវិន័យ តើសិស្ស ត្រូវគោរពវិន័យអ្វីខ្លះនៅក្នុងសាលារៀន នៅក្នុងគោលការបានសរសេរប្រាប់ហើយថា ទីមួយគឺគាត់ត្រូវតែមករៀនឱ្យបានទៀងទាត់ ឱ្យបានមុនម៉ោង ត្រូវចូលរួមគោរពទង់ជាតិជាប្រចាំ ស្លៀកពាក់ ការតុបតែងខ្លួនក៏យើងហាមដែរ អ៊ីចឹងការពង្រឹងវិន័យនេះគឺចង់ធ្វើយ៉ាងម៉េចឱ្យសិស្សានុសិស្សរបស់យើងដែលនឹងក្លាយទៅជាទំពាំងស្នងប្ញស្សីឱ្យគាត់បានត្រៀមខ្លួនថា នៅពេលដែលគាត់ចូលរួមប្រឡូកនៅក្នុងជីវិតជាយុវជន ជាកម្លាំងស្នូលនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺគាត់ត្រូវមានវិន័យ»។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីពង្រឹងនិងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា  ដែលធ្វើឱ្យសិស្សា នុសិស្សមានវិន័យដែលជាធនធានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន៕