គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធជុំវិញព្រលានយន្តហោះសៀមរាប-អង្គរកំពុងទាក់ទាញវិស័យឯកជន

Narith | ថ្ងៃទី 18 ខែ មករា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ១៨/០១/២០២៤

a30-13

a27-18

a29-13

a28-15

a31-12

ភ្នំពេញ៖ លោក លូ វៃ (Mr. Lu Wei)ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd - AIAI) បានស្នើសុំការគាំទ្រ ពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពាក់ព័ន្ធនឹងការជំរុញលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍ លោក លូ វៃ (Mr. Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd - AIAI) បានបង្ហាញពីគោលបំណងស្វែងរកវិស័យឯកជន ក្នុងការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញអ្នកវិនិយោគ ឱ្យងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប ឱ្យកាន់តែច្រើនឡើងថែមទៀត។
នៅក្នុងជំនួបដែលបានធ្វើឡើង នៅទីស្តីការក្រសួងសាធារណការនឹងដឹកជញ្ជូន កាលពីថ្ងៃទី ១៧ មករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈ ប្រតិភូក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd - AIAI) ដឹកនាំដោយ លោក លូ វៃ (Mr. Lu Wei) ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុន ចូលជួបពិភាក្សាការងារ។
នៅក្នុងអង្គប្រជុំនោះដែរ ក៏បានជជែកពិភាក្សាអំពីគម្រោង នៃការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំយន្តការក្នុងរក្សារបៀបរៀបរយ និងលើកកម្ពស់សុវត្ថិភាពការប្រើប្រាស់ដងផ្លូវ ព្រមទាំង យន្តការថែទាំគុណភាពផ្លូវ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។
យោងតាមលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពក្នុងការពិនិត្យលទ្ធភាព និងឱកាស សមស្របមួយ ដើម្បីរៀបចំដំណើរទស្សនកិច្ចទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលអនាគត។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប ដែលមានចម្ងាយ៤០គីឡូពីប្រាសាទអង្គរ និង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប  ដោយត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕