ឯកឧត្ដម ទៀ សីហា បញ្ជាក់ថា ការសាងសង់អគារអគ្គបញ្ជាការដ្ឋាន នឹងជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១ ២០២៤

a16-67

a15-77

a14-97

a17-60

a13-105

a19-33

a18-48

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កន្លែងធ្វើការជាកន្លែងដែលសំខាន់បំផុត ដូច្នេះការសាងសង់អគារអគ្គបញ្ជាការដ្ឋាន នឹងជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការបំពេញសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។
ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាននៅពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដំណើរការបោះជំហានយ៉ាងស្វាហាប់រយៈពេល៥ខែគត់ និងបាននាំមកនូវសមិទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិ។ ឯកឧត្ដម បានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ព គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា  បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះសម្រាប់ទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ ដែលបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍនិងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកងទ័ពនៅតែជារបៀបវារៈដ៏សំខាន់ សម្រាប់ពង្រឹងរៀបចំនិងកែលម្អ កន្លែងបំពេញការងារប្រចាំថ្ងៃ ដែលប្រព័ន្ធគ្រប់គ្រងការងារនិងបែងចែកមុខងារ តួនាទី ការទទួលខុសត្រូវរបស់អង្គភាពនីមួយៗឱ្យបានច្បាស់លាស់មានសមត្ថភាពវៃឆ្លាតនិងគោរពវិន័យ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា  បានឱ្យដឹងដែរថា កងយោធពលខេមរភូមិន្ទ បានជំរុញការសាងសង់និងធ្វើទំនើបកម្មអង្គភាពកងទ័ពមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដែលរួមមាន ទីស្តីការក្រសួងការពារជាតិ ទីលានបាញ់គ្រាប់ពិត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម រួមជាមួយការកសាងបន្ទាយជំរុំជម្រក លេណដ្ឋាន ផ្លូវ មន្ទីរពេទ្យ នៅតាម កងឯកភាពមួយចំនួនទៀតក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានបន្តទៀតថា អគារអគ្គបញ្ជាការដ្ឋាននេះ ពេលសាងសង់រួច នឹងបង្ហាញសោភ័ណភាពល្អប្រសើរ សមស្របនឹងភាពរីកចម្រើនរបស់ប្រទេសជាតិលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈបច្ចេកទេស ជារចនាបទស្ថាបត្យកម្ម ធ្វើការសិក្សាតាម រចនាបទបុរាណខ្មែរ រួមផ្សំជាមួយ សម័យទំនើប មានបំពាក់បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទិន្នន័យ ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធដ៏ទៃទៀត ដែលនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពនិងផាសុកភាព ។
« តាមពិតទីតាំងចាស់របស់អគ្គបញ្ជាការដ្ឋាននេះ ក៏ជាកន្លែងមួយដែលល្អ ហើយខ្ញុំបានចូលទៅមើលហើយជួបជាមួយ ឯកឧត្តម នាយកឧត្តមសេនីយ៍អគ្គបញ្ជាការក៏មានទីតាំងកន្លែងដែលសមស្របជូនទៅបងប្អូនដែលជានាយទាហាន ពលទាហាន នៅទីនោះ ក៏ប៉ុន្តែមានសភាពចង្អៀតបន្តិច។ អ៊ីចឹងទីតាំងថ្មីនេះនិងអំណោយផលដល់ការរស់នៅផង និងការធ្វើការនាថ្ងៃអនាគតផង អ៊ីចឹងហើយត្រូវតែមានការពិនិត្យឱ្យបានច្បាស់លាស់ក្នុងការអនុវត្តកិច្ចការងារក្នុងប្រព័ន្ធចរាចរណ៍ឯកសារក្នុងទីតំាងផ្ទាល់តែម្តង»។

សូមបញ្ជាក់ថា តាមការគ្រោងទុក សំណង់អគាររដ្ឋបាល អគ្គបញ្ជាការដ្ឋានថ្មីនេះ គ្រោងនឹងសង់លើផ្ទៃដីសរុបប្រមាណជាជាង ៧៤ ហិកតា ដែលមានប្លង់ ទីតាំងរួមចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ ជាន់។ សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូត ដល់ទៅ ២១៤៥ នាក់ “កៅអី” អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់ ៣ ជាន់៕

Comments

Related posts