វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ៣១/០១/២០២៤
វិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជា បានផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ ដោយបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មតាមបែបទំនើប ដែលផ្អែកសំខាន់ លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។
ភ្នំពេញ៖ ថ្លែងនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា» ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ បន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើប។
បើតាមឯ/ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការអភិវឌ្ឍជំនាញដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព, ភាពប្រកួតប្រជែង និងកម្រិតជីវភាព ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំងកម្រិតទាប មធ្យម និងខ្ពស់ ឲ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន ទាំងគុណភាព និងបរិមាណ។
ដើម្បីឈានទៅសម្រេចបាននូវការផ្លាស់ប្តូរនេះ ឱ្យជោគជ័យបន្ថែមទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់សំណើចំនួន៦ដើម្បីឱ្យមានការអនុវត្តចំពោះដៃគូពាក់ព័ន្ធគឺ
សំណើទី១៖ ស្នើសុំការចូលរួម និងសហការឲ្យអស់ពីលទ្ធភាពពីសំណាក់ដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ក្នុងការសម្រេចឲ្យបាន ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ប្រកបដោយចំណេះ, ជំនាញ, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម «យុទ្ឋសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១» ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ទី២៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ បន្តលើកកម្ពស់គុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកធនធានរបស់មូលនិធិ សំដៅលើកកម្ពស់ទំនុកចិត្ត និងការចូលរួមរបស់ដៃគូពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញដែលជាតម្រូវការពិតប្រាកដរបស់វិស័យឯកជន។
ទី៣៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ ចាប់ផ្តើមគិតគូរ និងសិក្សាពីម៉ូដែលហិរញ្ញប្បទាន សម្រាប់រយៈពេលមធ្យម និងវែងខាងមុខសំដៅធានាឲ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃហិរញ្ញប្បទាន សម្រាប់គាំទ្រការអភិវឌ្ឍជំនាញ ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យត្រូវនឹងតម្រូវការរបស់វិស័យឯកជនផង និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផង។
ទី៤៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ បន្តរៀបចំកម្មវិធីថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការ វិស័យឯកជន ក៏ដូចជាគាំទ្រដល់គោលនយោបាយគន្លឹះៗ របស់រាជរដ្ឋាភិបាល ។
ទី៥៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញ សិក្សាពីតម្រូវការជំនាញបច្ចុប្បន្ន និងអនាគតដែលចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
និងទី៦៖ ស្នើឲ្យមូលនិធិអភិវឌ្ឍន៍ជំនាញធ្វើឌីជីថលូបនីយកម្ម បន្ថែមលើប្រតិបត្តិការរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាព ពង្រឹងគុណភាព និងធានាបានតម្លាភាព និងទំនុកចិត្តនៃការគ្រប់គ្រង និងបែងចែកមូលនិធិ៕
សូមបញ្ជាក់ថា ការដាក់សំណើនេះគឺត្រូវទាមទារឲ្យមានការចូលរួមយ៉ាងសកម្ម និងក្នុងស្មារតីបុរេសកម្ម ពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកដែលមានតម្រូវការ (ជាពិសេសវិស័យឯកជន) ដើម្បីរួមកម្លាំងជាធ្លុងមួយ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងន័យសម្រេចឲ្យបានគោលដៅយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានដាក់ចេញផងដែរ៕