វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បាន អញ្ជើញជាអធិតី ចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូននិស្សិតចំនួន២៦៦ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យសម្រាប់ជំនាន់ទី៧ និងទី៨ នៃសាលាដុនបូស្កូ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ពិធីនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងនិសិ្សតសាលាបច្ចេកទេសដុនបូស្កូខេត្តកែបជាច្រើនរូប។
លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្កូ សាខាខេត្តកែប បានឱ្យដឹងថាសាលាដុនបូស្កូខេត្តកែប បានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាចំនួន ៩ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុប ១២៩០នាក់ស្រី ៥៤៥នាក់ ហើយថ្ងៃនេះធ្វើការផ្តល់ជូន នូវសញ្ញាបត្រ២៦៦នាក់បន្ថែមទៀត ខណៈដែលសិស្ស៤៧៧នាក់ ស្រី១៧៣ កំពុងបន្តការសិក្សាយ៉ាងមរមាញឹកលើកជំនាញផ្សេងៗ មានជំនាអគីសនី លេខាធិការ ព័ត៌មានវិជ្ជា និងជំនាញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ។ លោកនាយកបន្តថា មកដល់បច្ចុប្បន្នសាលា មានគ្រូ និងបុគ្គលិកសរុប ៣៦នាក់ ស្រី១៥នាន់ ក្នុងនោះមានមានអ្នកស្មគ្រចិត្តបរទេស ៧នាក់ ស្រី៥នាក់ផងដែរ សម្រាប់សិស្សដែលបានបញ្ចប់ពីសាលាដុនបូស្កូខេត្តកែប ៩៥% ពួកគេបានទៅបំរើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ហើយសិស្សមួយចំនួនបានបង្កើតអាជីវកម្មដោយខ្លួនឯងទៀតផង។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ អបអរសាទរ ចំពោះនិស្សិតទាំង២៦៦នាក់ដែលបានសិក្សាជំនាន់ទី៧ និងទី៨ នៃសាលាបច្ចេក ទេសដុនបូស្កូ ដែលបានបញ្ចប់ដោយជោគជ័យ និងបានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានាពេលនេះ និងកោតសរសើដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូនៃសាលាដុនបូស្កូ ដែលបានខិតខំប្រឹងប្រែង កៀរគរមូលនិធិសាងសង់សំណង់ជាច្រើន សម្រប់បណ្តុះបណ្តាលដល់យុវជន សិស្ស និស្សិត ទាំងក្នុងខេត្ត និងក្រៅខេត្ត អោយមានការយល់ដឹងនូវជំនាញបច្ចេកទេស ដែលជា ធនធានមនុស្ស ប្រកបដោយឧត្តមភាព សមត្ថភាព ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំផ្តាំផ្ញើរ ដល់ប្អូនៗ សិស្ស និស្សិត
ដែលបានបញ្ចប់ការសិក្សាថ្នាក់ជាន់ខ្ពស់បច្ចេកទេស នាពេលនេះ ត្រូវយកចំណេះដឹងជំនាញ ទៅប្រើប្រាស់ក្នុងការប្រកបមុខរបបចិញ្ចឹមជីវិត ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនកម្រិតជីវភាពគ្រួសារ និង សង្គមជាតិ សម្រាប់ប្អូនៗ ដែលកំពុងបន្តការសិក្សា ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង បណ្តុះគំនិត ជាមួយនិងភាពក្លាហាន ក្តីសង្ឃឹម និងប្តេជ្ញាចិត្តក្នុងការសិក្សា គោរពវិន័យសាលាឱ្យបានល្អ ខិតខំសិក្សាស្វែងយល់ដោយខ្លួនឯង បន្ថែម ដើម្បីតាមអោយទាន់ នៃការរីកចំរើននៃបច្ចេកវិទ្យា ក្នុងយុគសម័យឌីជីថល។ ជាមួយគ្នានេះសូមអោយលោកគ្រូ អ្នកគ្រូ បន្តបេសកម្មក្នុងការអប់រំ បណ្តុះបណ្តាលដល់សិស្ស និស្សិត អោយទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ។ ត្រូវចូលរួមទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ផ្លូវគោគ ជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ ទុកពេលវេលាទាំងនោះ ខិតខំសិក្សាស្វែងយល់ ប្រកបរបរចិញ្ចឹមជីវិត ឬលេងកីឡាដើម្បីសុខភាព ៕