វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤
MC. សមិទ្ធផលកសាងកុដិថ្មល្អដ៏វិចិត្រ ជំនួសកុដិប្រក់ស្លឹក ដើម្បីវេរប្រគេនព្រះសង្ឃ នៅវត្តបារាយណ៍មហានទី រតនារាម ហៅវត្តស្វាយ បានសម្ពោធកាត់ខ្សែបូ ពុទ្ធាភិសេកឆ្លងកុដិ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និង លោកជំទាវ ដោយមានការនិមន្តរបស់ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្ត ដោយមានការ និមន្តចូលរួមពីព្រះអនុគណក្រុង ចៅអធិការវត្ត ថ្នាក់ដឹកនាំមន្ទីរ ស្នងការនគរបាលខេត្ត អាជ្ញាធរមូលដ្ឋាន សប្បុរសជន អាចារ្យ គណៈកម្មការវត្ត សីលវ័ន្ត សីលវន្តី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ៨០០នាក់ចូលរួម ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកោតសរសើរ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា កសាងកុដិជាសេនាសនទានប្រគេនព្រះសង្ឃ តម្កល់ទុកប្រើប្រាស់ជាសម្បត្តិគរុភ័ណ្ឌ ប្រកបដោយ រចនាបទ វប្បធម៌ ទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរយើង។ ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះ បង្ហាញឱ្យឃើញអំពីការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ ឱ្យបានគង់វង្សរីកចម្រើន ស្ថិតស្ថេរចីរកាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ព្រះសង្ឈ សម្រាប់ គង់សិក្សារៀនសូត្រ និងប្រតិបត្តិធម៌តាមគន្លងព្រះពុទ្ធសាសនា។ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ក៏បានលើក ផងដែរ អំពីភាពវិនាសកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានយកទីវត្តអារាម ធ្វើជាមន្ទីរឃុំឃាំង ជង្រុកស្រូវ ក្រោលចិញ្ចឹមសត្វ ឃ្លាំងដាក់ជីធម្មជាតិ ព្រមទាំងបង្ខំព្រះសង្ឃឲ្យលាចាកសិក្ខាបទ ធ្វើជាទាសករដាច់ថ្លៃ និង ធ្វើគត់ ទៀតផង ។ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ វិស័យសាសនា បានរស់រានឡើងវិញ នៅក្នុងដំណាក់កាលប្រទេស មានសុខសន្តិភាព ស្ថិរភាពពេញលេញ ហើយបានកំពុងកសាង និង អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យ ព្រះពុទ្ធសាសនា ដែលបានចារិកក្នុងរដ្ឋធម្មនុញ្ញ ( ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ )។ ឯកឧត្តមបន្តថា ជាការ ពិតណាស់ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ស្ថាបនិកសន្តិភាពនៅកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ គឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលត្រូវរួបរួមសាមគ្គីជាកម្លាំង ថែរក្សាការពារជ្រោងឲ្យបាន គង់វង្ស ជាអតមៈ ។
សំឡេង៖ ក្នុងរយៈពេលចុងក្រោយ ពោលគឺក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ព្រះតេជគុណគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ របស់យើងគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានខិតខំកសាងព្រះពុទ្ធសាសនានៅកម្ពុជា ឡើងវិញ ពីបាតដៃទទេ។ ពេលនេះយើងបានកសាងព្រះពុទ្ធសាសនា ក្នុងដំណាក់ដែលប្រទេសកម្ពុជាទទួលបាន មកវិញនូវសុខសន្តិភាព ស្ថិរភាពពេញលេញ ហើយយើងបានកសាង និងអភិវឌ្ឃន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ មានសន្តិភាពគឺមានការអភិវឌ្ឍ។
បើតាមព្រះថេរដីកាស្វាគមន៍របស់ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត បានបញ្ជាក់ពីការចំណាយសាងសង់កុដិ ព្រមទាំងបញ្ជាក់ពីជីវប្រវត្តិនៃការកកើតវត្តនេះឡើង ក្នុងសម័យកាលកសាងបារាយណ៍ បើគិតពីអាយុកាលប្រមាណជាង១ពាន់ឆ្នាំហើយ ដោយឆ្លងកាត់ដំណាក់កាល ជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាល នៃសង្គ្រាមរាំងជល និង ការបំផ្លិចបំផ្លាញ ក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃ មានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ ក្លាយជាទីអារាមគួរជា ទីមនោរម្យ សម្រាប់ការបដិបត្តិធម៌ របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី និង បានកំពុងទាក់ទាញដល់ភ្ញៀវ ទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាស្វែងយល់ពីវិស័យសាសនាទៀតផង ។
សូមជម្រាបថា សមិទ្ធផលកុដិ១ខ្នងនេះ មានទំហំ១២ម៉ែត្រ គុណ ១៥ម៉ែត្រ មានកម្ពស់ ២ជាន់ និងមានបន្ទប់ សម្រាប់ព្រះសង្ឃគង់នៅចំនួន០១ និងសម្រាប់តម្កល់អដ្ឋិធាតុចំនួន ០១បន្ទប់ ព្រមទាំង បន្ទប់ទឹកផ្នែកខាងក្នុង ១, សាងសង់បន្ទប់ទឹកខាងក្រៅ១ខ្នងបន្ថែម មាន ២បន្ទប់។ កុដិដ៏ស្រស់ស្អាតនេះ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ប៉ុន្តែ ដោយសារឧបសគ្គបញ្ហាជំងឺកូវីដ១៩ បានផ្អាករយៈពេល ២ឆ្នាំ គឺឆ្នាំ២០២០និង២០២១។ ក្រោយវិបត្តិកូវីដបានធូរស្រាល ក៏បានបន្តដំណើរការសាងសង់រហូតដល់បាន បញ្ចប់ជាស្ថាពរ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣៕