រូបសំណាកសម្តេចព្រះសង្ឃរាជជួន ណាត នៅបរិវេណវិទ្យាល័យហ៊ុន សែនមណ្ឌលគិរីត្រូវបានធ្វើពិធីអភិសេក

 

ដោយ ស៊ីផុនហ៊ុងគ្រី

IMG_1445-1

IMG_1449

IMG_1448

IMG_1447-1

IMG_1451-1

IMG_1452-1

IMG_1450-1

IMG_1442-1

មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីអភិសេករូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាបិតាអក្សរសាស្ត្រជាតិខ្មែរ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា មាតាបិតា យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ ៤ចំណុចដល់ក្រសួងអប់រំយុវជននិងកីឡាគឺ៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. យកចិត្តទុកដាក់លើសុខភាពរបស់ សិស្សតាមរយៈអាហាររូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤. ការជំរុញនិងការលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ ឯកឧត្តម បញ្ជាក់ថា ចំពោះរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាសមិទ្ធផលថ្មីនាពេលនេះ គឺជាការចូលរួមរបស់អាជ្ញាធរ រួមទាំងគណៈកម្មការសាលា មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសប្បុរសជន ដែលបានខិតខំជួយទ្រទ្រង់សាលា ឱ្យមានការអភិវឌ្ឍរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីធ្វើយ៉ាងណា ឱ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងការរួមចំណែកជួយដល់សង្គម ជាពិសេស ត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលធ្វើឱ្យមហន្តរាយដល់ខ្លួន និងសង្គមមានការស្អប់ខ្ពើម។ ឯកឧត្តម ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងគណៈកម្មការសាលា ត្រូវសហការគ្នា ក្នុងការជួយរៀបចំកែលម្អសោភណភាព និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឱ្យសាលារបស់យើងមានលក្ខណៈល្អប្រសើរបន្ថែមទៀត។
លោក លី សាមិប្រធានស្ដីទីមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២២ ២០២៣នេះ នៅទូទាំងខេត្តមណ្ឌលគិរី មានបុគ្គលិកអប់រំសរុបចំនួន ១០៧៦នាក់ ក្នុងនោះ បុគ្គលិកជាជនជាតិដើមភាគតិចចំនួន ៣៦៧នាក់ សាលារៀនសរុប ១៦៩សាលា ដែលមានសិស្សសរុប ២៤.៦៦២នាក់ ក្នុងនោះ សិស្សដែលជាជនជាតិដើមភាគតិចចំនួន ៨.៨៣៥នាក់។ លោក បញ្ជាក់ថា ចំពោះលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ បេក្ខជនមកប្រឡង ៦៣៧នាក់ ប្រឡងជាប់ ៥៨៨នាក់ ស្មើនឹង ៩២% សិស្សជនជាតិដើមភាគតិច ១៧៣នាក់ ក្នុងនោះសិស្សបាន និទ្ទេសB ចំនួន ៣៤នាក់ និទ្ទេសC ១៦៤នាក់ និទ្ទេសD ២៦២នាក់ និងនិទ្ទេសE ១២៨នាក់.។ ដោយឡែក លទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បេក្ខជនមកប្រឡងចំនួន ៩៦៥នាក់ បានប្រឡង ក្នុងនោះសិស្សជនជាតិដើមភាគតិចចំនួន ៣២៨នាក់។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់លិខិតថ្លែងអំណរគុណដល់គណៈកម្មការទ្រទ្រង់សាលា មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសប្បុរសជន ដែលបានចូលរួមក្នុងការសាងសង់រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាតនេះផងដែរ៕ 

Comments

Related posts