រាជរដ្ឋាភិបាល មិនបានទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោនិងគ្មានការជួយ ជ្រោមជ្រែង ឡើយ

Narith | ថ្ងៃទី 21 ខែ មីនា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ៣ ២០២៤

a22-72

a23-66

a25-56

a24-64

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោនិងគ្មានការជួយជ្រោមជ្រែងឡើយ ខណៈដែលរាជដ្ឋាភិបាលបានចាត់ទុកជនមានពិការភាព គឺជាមូលធនមនុស្សដ៏សំខាន់របស់ ប្រជាពល រដ្ឋកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានសម្តែងសេចក្តីរំភើបរីករាយដែលបងប្អូនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងសកម្មភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងពីសមត្ថភាពនិងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត ពិការតែកាយចិត្តមិនពិការឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនទុកជនពិការភាពណាម្នាក់ឱ្យនៅឯកោនិងគ្មានការជួយជ្រោមជ្រែងនោះឡើយ ហើយសូមអំពាវនាវដល់សហគមន៍ជាតិនិងអន្តរជាតិ សូមបន្តចូលរួមគ្នាអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រទីក្រុងអ៊ីឈាន់ ដើម្បីផ្តល់សិទ្ធពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ននិងភាព សុដុមសម្រាប់ជនមានពិការភាពស្របតាមគោលការណ៍គ្មានជនណាម្នាក់ត្រូវបោះបង់ចោល។
 « ខ្ញុំសូមលើកទឹកចិត្តនិងបញ្ជាក់ជូនបងប្អូនជនមានពិការភាពថាបងប្អូនមិនឯកាទេ បងប្អូនឃើញនៅពេលនេះគឺមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រូបខ្ញុំផ្ទាល់និងរាជរដ្ឋាភិបាលតែងតែចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពលដែលបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតចម្បងទៅលើការកសាងធនធានមនុស្សនិងពង្រឹងធនធានមនុស្ស ដែលរួមទាំងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់រួមទាំងបងប្អូនមានពិការភាពផង ដើម្បីក្លាយជាធនធានរបស់កម្ពុជា។ ការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលរបស់យើងដែលធ្វើកន្លងមកនៅគ្រប់អាណត្តិហើយនឹងបន្តតទៅទៀតនៅក្នុងអាណត្តិថ្មីនេះ »
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដោយបានគិតគូរល្អិតល្អន់នៅសុខុមាលភាពរបស់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កូតាទៅដល់២ភាគរយសម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការនៅក្រសួងស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារជនមានពិការ។ បន្ថែមលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេសឱ្យទទួល យកជនមានពិការភាពឱ្យចូលបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងផ្តល់ឱកាសឱ្យជនមានពិការភាពក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានទូលំទូលាយបន្ថែម ៕